ព័ត៌មានជាតិ

សម្ដេចតេជោ ដាច់ខាតមិនចុះហត្ថលេខា ចំពោះមន្ដ្រីពូកែរត់ការ ដើម្បីបានតំណែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសដាច់ខាតមិនចុះហត្ថលេខា ចំពោះមន្ដ្រីពូកែរត់ការ ដើម្បីបានតំណែងអ្វីមួយ គឺត្រូវលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន ដោយជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋានតែម្តង។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលកន្លងទៅ គឺអនុញ្ញាតឲ្យ ៤ ឬ៥នាក់ ចេញពីថ្នាក់ជាតិ ឲ្យទៅបម្រើការងារនៅថ្នាក់ក្រោមជាតិ។ ក្រៅពីនោះ ឲ្យមូលដ្ឋានរើសមន្ដ្រីដោយខ្លួនឯង បើមិនដូច្នោះ មន្ដ្រីថ្នាក់ជាតិ ទៅដណ្ដើមអំណាចនៅថ្នាក់ក្រោមជាតិ។

សម្ដេចបន្ដថា ជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។

សម្ដេចគូសបញ្ជាក់ថា មិនយុត្តិធម៌សម្រាប់មន្ដ្រីមូលដ្ឋាន ព្រោះអ្នកមូលដ្ឋាន ក៏ចង់ឡើងតំណែងដែរ។ សម្ដេចថា «ប៉ុន្ដែក្រុមខ្លះ ពូកែស៊ើបណាស់ ហើយពូកែស៊ើប ខ្ញុំសូមផ្ដាំ សម្ដេចក្រឡាហោម សម្ដេច ទៀត បាញ់។ អ្នកខ្លះពូកកែស៊ើបណាស់ កន្លែងណាជិតចូលនិវត្តន៍រត់ការចូលភ្លាម អាក្រុមណារត់ការអាហ្នឹងកុំឲ្យសោះ បើដឹងដល់ខ្ញុំ គឺអត់ឲ្យទេ កុំឲ្យមានទម្លាប់រត់ការ ហើយដាក់ខ្សែនេះ ខ្សែនោះ ចូលតាមប្អូន ចូលតាមបង គឺអត់ទេ កុំលេងអាធន់នឹង»។

សម្ដេចបន្ថែមថា ការចាត់តាំងមន្ដ្រី ត្រូវផ្ដល់យុត្តិធម៌សម្រាប់មន្ដ្រីនៅថ្នាក់ក្រោមជាតិ។ សម្ដេច មិនជឿឡើយថា មិនអាចរើសបានមន្ដ្រីថ្នាក់ក្រោមជាតិ ខណៈគេមានសមត្ថភាព។ សម្ដេចរំលឹកថា គ្រាន់តែឡើងអាសនៈនៅថ្នាក់ក្រោមជាតិភ្លាម មានដាក់ពាក្យសុំបម្រើការងារ នៅថ្នាក់ក្រោមជាតិ។

ឆ្លៀតឱកាសនោះ សម្តេចតេជោបានក្រើនរំលឹក ដល់មន្រ្ដីរាជការទាំងអស់ ឲ្យជៀសវាងនូវពាក្យចាស់មួយពោលថា «ប្រពន្ធសក្តិ៣ ប្ដីសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលបង្កបញ្ហាលើការបម្រើការងារ របស់មន្រ្ដីរាជការ ដោយប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ ទៅធ្វើអាជីវកម្ម ដែលអាចឈានទៅបង្កើតជាបញ្ហា សម្រាប់ខ្លួនឯងនាពេលខាងមុខ ៕

To Top