ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើឡើង ក្នុងគោលដៅរក្សាបរិស្ថានឆ្នេរសមុទ្រ ឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនា នៅខេត្តតំបន់ឆ្នេរសមុទ្រ និងតំបន់ភ្នំកាន់តែច្រើនឡើង បន្ទាប់ពីជំងឺ COVID-19 បានបញ្ចប់។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ប្រសិនបើមិនមានស្ថានីយប្រព្រឹត្តិកម្មនេះទេ ទឹកស្អុយដែលពលរដ្ឋប្រើប្រាស់ នឹងហូរត្រង់ទៅឆ្នេរសមុទ្រអាចធ្វើឲ្យ ឆ្នេរសមុទ្រប្រែពណ៌ទៅជាខ្មៅ និងមានក្លិនមិនល្អ ប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ ។ ទន្ទឹមនឹងនេះលោក ក៏បានអំពាវនាវឲ្យពលរដ្ឋ ក្នុងក្រុងព្រះសីហនុទាំងអស់ ដូចជាអ្នករៀបចំការកសាងលំនៅដ្ឋាន ក្រុមហ៊ុន សណ្ឋាគារ និងអាហារដ្ឋាននៅពេលតភ្ជាប់បណ្តាញលូ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយសុំញែកគ្នាឲ្យដាច់រវាងបណ្តាញទឹកស្អុយ និងទឹកភ្លៀង។

លោនបានបន្ថែមទៀតថា សព្វថ្ងៃនេះប្រទេសមានស្ថានីយចំនួន៣ កន្លែង គឺស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ មានផ្ទៃដី៣៦៤ហិកតា។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៤ មានផ្ទៃដី៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ចំណែកស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ កំពុងការសាងសង់គ្រោងបញ្ចប់ នៅខែតុលាខាងមុខនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។

X-WATER គឺជាក្រុមហ៊ុនឈានមុខគេ លើពិភពលោកក្នុងប្រព័ន្ធខ្សែសង្វាក់ ផលិតកម្មនៃរោងចក្រ កែច្នៃកាកសំណល់ទឹកកខ្វក់/ទឹកស្អាត រោងចក្រភេសជ្ជៈ រោងចក្រផលិតថាមពល ប្រព័ន្ធផលិតក្ល័រ ទឹកសម្លាប់មេរោគ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ប្រព័ន្ធត្រួតពិនិត្យម៉ូទ័រ ដោយស្វ័យប្រវត្តិ ហើយក៏ជាតំណាងចែកចាយផលិតផល និងសេវាកម្មនៃថាមពលស្អាតកកើតឡើងវិញ តាមរយៈថាមពលសូឡា ដើម្បីគាំទ្រដល់ទំនើបកម្មនៃថាមពល ដែលបាននឹងកំពុងប្រើប្រាស់ក្នុង ពេលបច្ចុប្បន្ន ៕
ដោយ៖ លី ភីលីព




