ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីឡា

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

លោក សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ក្នុងនាមជាប្រតិបត្តិករផ្ទាល់ រហូតមានការរីកចម្រើន រីកលូតលាស់ពេញផ្ទៃប្រទេស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លើសពីនេះ ក៏សូមកោតសរសើរចំពោះការរួបរួមគ្នា ដោយប្រើប្រាស់ភាសា និងចង្វាក់នៃបេះដូងតែមួយ ក្នុងនាមជាសមាជិកបក្ស តាមរយៈការខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែក ជំរុញបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ។

លោក ក៏សូមសម្តែងនូវការគោរពចំពោះគំរូវីរភាពរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអនុប្រធាន និងថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាជិក-សមាជិកាបក្សទាំងអស់ ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងគណបក្ស ក្នុងគ្រប់ដំណាក់កាល ប្រកបដោយភាពអង់អាចក្លាហាន និងតស៊ូលះបង់ខ្ពស់ ដែលការណ៍នេះ ពិតជាបានផ្តល់នូវជីវិត ឱកាស និងក្តីសង្ឃឹម សម្រាប់ជាយុវជនជំនាន់ក្រោយ ទាំងក្នុងពេលបច្ចុប្បន្ន និងគ្រប់ជំនាន់ទៅមុខ។ ពិតណាស់ ដោយសារកត្តាសុខសន្តិភាព, ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញដូចពេលបច្ចុប្បន្ននេះ ព្រមទាំងអាចរៀបចំព្រឹត្តិការណ៍ធំៗក្នុងវិស័យសិល្បៈ និងកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសព្រឹតិ្តការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាដើម។ ក្នុងន័យនេះ សន្តិភាព គឺជាបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់ សម្រាប់សិល្បៈ និងកីឡា ដោយអាចនិយាយបានថា ទាំងសិល្បៈ និងកីឡា គឺរស់ក្នុងសន្តិភាព។

លោកបណ្ឌិត បន្តថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ, វិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយកត្តាអនុគ្រោះចំនួន ៣ គឺ៖ ទី១. ការដឹកនាំដែលមានគោលនយោបាយត្រឹមត្រូវ, ទី២. ភាពអំណោយផល នៃសុខសន្តិភាពពេញផ្ទៃប្រទេស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងគ្រប់ផ្នែកគ្រប់វិស័យ និងទី៣. ការផ្តល់ឱកាស និងគាំទ្រលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋគ្រប់រូប អាចបង្ហាញសមត្ថភាព និងបង្កើនសមត្ថភាពរបស់ខ្លួន ទៅតាមទេពកោសល្យរៀងៗខ្លួន៕

To Top