ព័ត៌មានជាតិ

កម្ពុជា-ចិន រួមគ្នាទប់ស្កាត់ឱ្យបានដាច់ខាត ការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន បានប្ដេជ្ញារួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាត នូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៍ ឬសកម្មភាពបង្កអសន្តិសុខ និងអស្ថិរភាពសង្គម ជាដើម ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ សម្ដេច ស ខេង នៅប្រទេសចិន នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងស្មារតីបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សម្ដេច ស ខេង និងលោក វ៉ាង ស៊ាវហុង បានចុះហត្ថលេខាលើផែនការ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ ដោយក្នុងនោះ បានឯកភាពបន្តយកចិត្តទុកដាក់ លើកិច្ចការសំខាន់ៗ រួមមាន៖

-បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឲ្យបានដាច់ខាតនូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៍ ឬសកម្មភាពដែលបង្កអសន្តិសុខ និងអស្ថិរភាពសង្គម សំដៅធានាបានរឹងមាំនូវបរិយាកាសល្អ ប្រសើរ បម្រើដល់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ។

-បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង, ល្បែងស៊ីសងអនឡាញ, អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍, ការជួញដូរមនុស្ស, ការរត់ពន្ធអាវុធ, ការជួញដូរគ្រឿងញៀន ជាដើម តាមរយៈការលើកកម្ពស់ យន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដែលមានស្រាប់រវាងភាគីទាំងពីរ។

-បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើការកសាង និងបណ្ដុះបណ្ដាលធនធាន មនុស្សក្នុងវិស័យអនុវត្តច្បាប់ និងការគាំទ្រផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាព, នៅក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្គេត និងបង្ក្រា បទល្មើស កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសការថែរក្សាសន្តិសុខសម្រាប់ព្រឹត្តិការណ៍ ជាតិ-អន្តរជាតិសំខាន់ៗ។

សូមរំលឹកថា ដោយបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ និងចុះហត្ថលេខា «ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខចិន ៕

To Top