ព័ត៌មានជាតិ

ជំនួប ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានសភានេប៉ាល់ ថា ទំនាក់ទំនងប្រទេសទាំងពីរ រីកចម្រើនឆាប់រហ័ស ដោយសារពុទ្ធសាសនា

ភ្នំពេញ ៖ លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ បានថ្លែងដោយជំនឿជឿជាក់ថា ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ (កម្ពុជា-នេប៉ាល់) មានភាពដូចគ្នា ជាពិសេសលើផ្នែកព្រះពុទ្ធសាសនា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។

ការបង្ហាញជំនឿជឿជាក់របស់ ប្រធានសភានេប៉ាល់បែបនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃ២ ឧសភា ។

ក្នុងជំនួបលោក ទីមីលស៊ីណា បានអបអរសាទរ សម្ដេចតេជោ ក្នុងឱកាសបានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។ លោកថា ខ្លួនបានមកកម្ពុជាកាលពី ៦ខែមុន ហើយលោករីករាយបានមកកម្ពុជាសារជាថ្មីទៀត ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេសលើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នាហើយ។

លោកបានសម្ដែងនៅជំនឿជឿជាក់ថា «ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ មានភាពដូចគ្នា ជាពិសេសលើវិស័យព្រះពុទ្ធសាសនា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស» ។

ជាការឆ្លើយតប សម្ដេចតេជោថ្លែងអំណរគុណប្រធានរដ្ឋសភានេប៉ាល់ដែលបានមកចូលរួមក្នុងពិធីទទួលគោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» និងអបអរសាទរជូនសម្ដេច ។

សម្ដេចតេជោថា ពិតជាមានកិត្តិយសដែលបានទទួលគោរមងារខ្ពស់បំផុត ទាក់ទងនឹងព្រះពុទ្ធសាសនា ហើយក៏ជាមោទកភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្ត ហើយពេលនេះ ត្រូវបានទទួលស្គាល់ ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា ។

សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងលោកប្រធានរដ្ឋសភា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញការអនុវត្តលើវិស័យទាំងឡាយ ដែលបានព្រមព្រៀងគ្នាហើយ ដោយឈរលើមូលដ្ឋាន ដែលប្រទេសទាំងពីរមានដូចគ្នានោះ ៕

To Top