ព័ត៌មានជាតិ

សម្តេចតេជោ ជាបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល ខណៈលោក ហ៊ុន ម៉ាណែត នៅមណ្ឌលភ្នំពេញ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃ១ ឧសភា បានបង្ហាញបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់គណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះ ថ្នាក់ដឹកនាំកំពូលៗ របស់បក្សកាន់អំណាចដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ឈរឈ្មោះ នៅមណ្ឌលខេត្តកណ្តាល ខណៈមណ្ឌល រាជធានីភ្នំពេញ ឈរដោយលោក ហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជន នាយករដ្ឋមន្រ្តី ក្នុងគ្រាសម្តេច ស ខេង ឈរឈ្មោះនៅមណ្ឌលខេត្តបាត់ដំបង។

សម្រាប់សម្តេច ហេង សំរិនវិញ ឈរឈ្មោះនៅស្រុកកំណើតសម្តេចតែម្តង គឺមណ្ឌលខេត្តត្បូងឃ្មុំ ។ ដោយឡែក សម្រាប់លោកស្រី មែន សំអន ឈរឈ្មោះនៅមណ្ឌលខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្ស៧ ត្រូវបានគ.ជ.បទទួលស្គាល់ជាផ្លូវការក្នុងបញ្ជី ខណៈបក្ស២ទៀត កំពុងស្ថិតក្នុងការពិនិត្យនៅឡើយ ។ គណបក្សទាំង៧នោះរួមមាន ៖ គណបក្សប្រជាជនកម្ពុជា , គណបក្សយុវជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ , គណបក្សធម្មាធិបតេយ្យ ,គណបក្សកម្លាំងប្រជាធិបេយ្យ , គណបក្សសញ្ជាតិកម្ពុជា និង គណបក្សខ្មែរតែមួយ ។ ចំណែក២ទៀត កំពុងពិចារណាពីខាងគ.ជ.បនោះ គឺមានគណបក្សខ្មែរអភិរក្ស និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៕

To Top