ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គម្រោងនគរបាលសហគមន៍ រួមចំណែកធ្វើឲ្យសហគមន៍ ទទួលបានសុខសុវត្ថិភាព

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអូស្ដ្រាលីថា គម្រោងនគរបាលសហគមន៍ បានរួមចំណែកធ្វើឲ្យសហគមន៍ កាន់តែទទួលបានសុខសុវត្ថិភាព។

នាឱកាសអនុញ្ញាតជូន លោក Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានឲ្យដឹងថា ក្រសួងមហាផ្ទៃ មានកិច្ចសហប្រតិបត្តិការ និងទទួលការជួយគាំទ្រពីខាងភាគីអូស្ត្រាលីផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម ។

សម្ដេច លើកឡើងអំពីគម្រោងនគរបាលសហគមន៍ ដែលជាគម្រោងមួយល្អ និងទទួលបានការគាំទ្រពីខាងភាគីអូស្ត្រាលី។ សម្ដេច គូសបញ្ជាក់ថា «គម្រោងនគរបាលសហគមន៍ បានរួមចំណែកធ្វើឲ្យសហគមន៍ កាន់តែទទួលបានសុខសុវត្ថិភាព»។

សម្ដេច បន្តថា ការងារនេះ បានជួយបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាព កងកម្លាំងអនុវត្តច្បាប់។ សម្ដេ ចក៏ស្នើបន្តជំរុញ និងលើកទឹកចិត្តដល់ភាគី ទាំងពីរបន្ត អនុវត្តនូវការងារផ្សេងៗទៀត ដែលក្រសួងមហាផ្ទៃ មានជាមួយនគរបាលសហព័ន្ធអូស្ត្រាលី តាមរយៈការចុះកិច្ចព្រមព្រៀង MOU ជាមួយគ្នាកន្លងមក ឲ្យទទួលបានលទ្ធផលល្អ ប្រសើរថែមទៀត។

ជាការឆ្លើយតបលោក Justin Kevin បានគូសបញ្ជាក់ថា អូស្ត្រាលី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងក្រសួងមហាផ្ទៃ ក៏ដូចជាជាមួយនគរបាលកម្ពុជា ទាំងក្នុងក្របខណ្ឌ នៃការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងប្រតិបត្តិការ ការងារផ្ទាល់ផងដែរ ។ លោក ក៏សម្ដែងនូវសេចក្ដីរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ កន្លងមកដ៏ល្អរវាងក្រុមការងារ នៃនគរបាលសហព័ន្ធអូស្ត្រាលី ជាមួយនឹងនគរបាលកម្ពុជាលើការងារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការងារប្រយុទ្ធប្រឆាំង នឹងការសម្អាតប្រាក់៕

To Top