ភ្នំពេញ ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា និងលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី លើកទឹកចិត្តកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ។
ក្នុងជំនួបជាមួយលោកស្រីទាំង២ខាងលើនេះ កាលពីថ្ងៃ៣ ឧសភា ពិភាក្សាលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យកាន់តែល្អប្រសើរថែមទៀត លោកស្រី តឹករ៉េត កំរង បានលើកពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ និងបានស្នើ អគ្គរដ្ឋទូត និងទីប្រឹក្សាពាណិជ្ជកម្ម លើកទឹកចិត្តនិងកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម។

ជាកិច្ចឆ្លើយតប លោកស្រីអគ្គរដ្ឋទូត រីករាយដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយ ពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។ ការណ៍នេះបានញ៉ាំងឲ្យតួកគី បញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូង និងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជាដែលនឹងចូលរួមចំណែកបន្ថែម ក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីទីប្រឹក្សាពាណិជ្ជកម្ម បានធ្វើការណែនាំខ្លួន និងចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យពាណិជ្ជកម្មអស់រយៈពេល១៥ឆ្នាំ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការ បន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការចែករំលែកចំណេះដឹងតាមរយៈ ការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។

បន្ថែមពីលើនេះ ភាគីទាំងពីរនឹងព្យាយាមបញ្ចប់ នីតិវិធីចាំបាច់ផ្ទៃក្នុង ដើម្បីចាប់ផ្តើមធ្វើការសិក្សាអំពីសមិទ្ធលទ្ធភាព មុននឹងឈានដល់ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចរវាងកម្ពុជា-តួកគី នាពេលឆាប់ៗខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ រួមមាន ៖ អ្នកនាំចេញ-នាំចូល ពាណិជ្ជករ អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។
សូមបញ្ជាក់ថា គឹតត្រឹមត្រីមាសទី១ នៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានប្រមាណ ៥២ លានដុល្លារជាមួយនឹងអត្រាកំណើនប្រមាណ ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯកម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម ៕
