វ៉ាស៊ីនតោន៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស បានបញ្ជាក់យ៉ាងច្បាស់ថា មូលដ្ឋានយោធាបន្ថែម នៅក្នុងប្រទេសរបស់លោក ដែលលោកបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់នាពេលថ្មីៗនេះ នឹងមិនត្រូវបានប្រើ ដើម្បីកំណត់គោលដៅលើប្រទេសចិន ឬប្រទេសណាមួយឡើយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ Think Tank លោក ម៉ាកូស ក៏បានឲ្យដឹងផងដែរថា ចម្លើយសាមញ្ញគឺ “ទេ” នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក ផ្តល់ជំនួយដល់កងទ័ព សម្រាប់ប្រតិបត្តិការប្រយុទ្ធ ប្រសិនបើសង្រ្គាមផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង លើកោះតៃវ៉ាន់។
ការកត់សម្គាល់របស់លោកនៅមុនពេល បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន បានកើតឡើងនៅពេលដែលមាន ភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលត្រូវបានជាប់គាំងនៅក្នុងការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
ប្រទេសចិនបានដាក់សម្ពាធ មិនត្រឹមតែលើកោះតៃវ៉ាន់ដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏លើហ្វីលីពីនជាមួយនឹងអ្វីដែលលោក ម៉ាកូស ហៅថាការបំភិតបំភ័យលើនាវានៅសមុទ្រចិនខាងត្បូង។
លោក ម៉ាកូស កាលពីខែកុម្ភៈបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ចូលទៅកាន់មូលដ្ឋានចំនួនបួនបន្ថែមទៀត ដោយបង្កើនចំនួនដែលកងកម្លាំងអាមេរិក អាចប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីនដល់ទៅ ៩ ក្រោមកិច្ចព្រមព្រៀងពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានធ្វើឱ្យវាកាន់តែលំបាកសម្រាប់លោក ក្នុងការដើរខ្សែរការទូតដ៏ទន់ភ្លន់មួយ។
លោក ម៉ាកូស ដែលបានយល់ព្រមជាមួយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងសប្តាហ៍នេះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា មូលដ្ឋានបន្ថែមត្រូវបានបម្រុងទុក សម្រាប់ប្រើប្រាស់ក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយធម្មជាតិ រួមទាំងការផ្តល់ជំនួយសង្គ្រោះ និងជំនួយយ៉ាងឆាប់រហ័សផងដែរ។
នៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ លោក ម៉ាកូស ក៏បានលាតត្រដាងផងដែរថា សហរដ្ឋអាមេរិក “មិនដែលបានលើកឡើងពីលទ្ធភាព” នៃការប្រើប្រាស់មូលដ្ឋានទ័ព សម្រាប់សកម្មភាពវាយលុក ប្រឆាំងនឹងប្រទេសណាមួយឡើយ។
ប្រធានាធិបតីដែលទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ជាលើកដំបូងក្នុងរយៈពេលជាង មួយទសវត្សរ៍ដោយមេដឹកនាំហ្វីលីពីន បានលើកឡើងថា លោកជឿជាក់ថា ទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន “ស្ថិតក្នុងការជាប់គាំង” លើបញ្ហានេះ ហើយមន្ត្រីអាមេរិក បានដឹងពីកង្វល់របស់ហ្វីលីពីន។
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្តិសុខ ចាស់ជាងគេរបស់អាមេរិក នៅឥណ្ឌូប៉ាស៊ីហ្វិក បានជាប់ពាក់ព័ន្ធក្នុងជម្លោះទឹកដីជាមួយចិន ជាយូរមកហើយនៅសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ស្ថិតនៅក្បែរកោះតៃវ៉ាន់ និងផ្លូវសមុទ្រដ៏សំខាន់ជាយុទ្ធសាស្ត្រ រដ្ឋបាលលោក បៃដិន ចាត់ទុកហ្វីលីពីន និងការពង្រឹងសម្ព័ន្ធភាពទ្វេភាគីថា មានសារៈសំខាន់ក្នុងការបង្កើនកម្រិត នៃការរារាំងប្រឆាំងនឹងប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីចូលកាន់តំណែងជិតមួយឆ្នាំមុនមក លោក ម៉ាកូស បាននិយាយម្តងហើយម្តងទៀតថា គោលនយោបាយការបរទេសរបស់ហ្វីលីពីន នឹងឯករាជ្យ ហើយទីក្រុងម៉ានីល នឹងមិនជ្រើសរើសភាគីរវាងសហរដ្ឋអាមេរិក និងចិន ខណៈពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីកសាងទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា
