ព័ត៌មានជាតិ

កម្ពុជា-ចិន ​រួមគ្នា​ជំរុញសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ និងពិភពលោក

ពាក្យស្លោកនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺ “កីឡារស់ក្នុងសន្តិភាព” ដោយគេចាំបានថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ មានពាក្យស្លោក ថា “កីឡាជំរុញសន្តិភាព” ។ ត្រង់ចំណុចនេះ សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជា-ចិនមានឆន្ទៈរួមគ្នាក្នុងការជំរុញសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ។

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលជាគណៈកម្មាធិការ ទទួលបន្ទុកលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានមានប្រសាសន៍ថា ពាក្យស្លោកនៃកីឡាស៊ីហ្គេម លើកទី៣២ «កីឡារស់ក្នុងសន្តិភាព» បានស្របគ្នាខ្លាំងទៅនឹងការជំរុញឲ្យមានសន្តិភាព ពីសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញ នាពេលកន្លងមកនេះ គឺជាភាពត្រឹមត្រូវបំផុត ព្រោះថា ដោយសារសន្តិភាព បានបង្កលទ្ធភាពឲ្យកម្ពុជាមានឱកាស សម្រេចកិច្ចការងារយ៉ាងច្រើន រួមទាំង ការរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ។

សម្តេចបានបញ្ជាក់ថា ពាក្យថា »សន្តិភាព» នេះ មានគុណតម្លៃធំធេងណាស់ ហើយក៏បន្ស៊ីជាមួយនឹង ខាងសាធារណរដ្ឋប្រជាមានិតចិន ជំរុញឲ្យសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍កីឡាដូចគ្នា ដោយសម្តេចចាត់ទុកថា នេះគឺជាភាពស្របគ្នាជាខ្លាំង។

«បានន័យថា ការយកចិត្តទុកដាក់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតចិន គឺចង់ឲ្យពិភពលោកនេះមានសន្តិភាព ដ៏ពេញលេញ ដែលត្រូវបានចាត់ទុកជារឿងសំខាន់ណាស់ មានអត្ថន័យធំធេងណាស់ កិច្ចការងារនេះស្របនឹងតម្រូវការ របស់មនុស្សជាតិទាំងឡាយ ប្រសិនបើពុំមានសន្តិភាពទេ យើងពុំអាចធ្វើអ្វីៗ គ្រប់យ៉ាងទាំងអស់ ដោយសារតែមូលដ្ឋាននេះ ទើបយើងធ្វើទៅជាមួយគ្នា យ៉ាងល្អប្រសើរជាទីបំផុត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាមិត្តដែកថែបមួយ ដែលមានសារៈសំខាន់ជាទីបំផុត»។

គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើម្ចាស់ផ្ទះ រៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍កីឡា ក្នុងតំបន់ដែលរៀបចំឡើង រៀងរាល់ពីរឆ្នាំម្ដង ដោយប្រទេសជាសមាជិក។ ចាប់តាំងពីបង្កើតដំបូងមក ឆ្លងកាត់រយៈពេល៦៤ឆ្នាំ បានមកដល់ប្រទេសកម្ពុជា ជាលើកដំបូង។

«ពហុកីឡដ្ឋានជាតិមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន ជូនកម្ពុជាគឺជាហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏សំខាន់ សម្រាប់ព្រឹត្តិការណ៍កីឡាដែលកម្ពុជារៀបចំនេះ។ ក្រៅពីផ្តល់ជំនួយដ៏មានតម្លៃមួយនេះ ចិនក៏បានបញ្ជូនអ្នកជំនាញជាន់ខ្ពស់ មកជួយរៀបចំបច្ចេកទេស រួមទាំងពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម ដ៏អស្ចារ្យនេះផងដែរ៕

To Top