ព័ត៌មានជាតិ

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ “បំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប គឺការបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីអាចកសាងអនាគត មួយច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់”

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

ថ្លែងក្នុងឱកាសដ៏អធិកអធមនោះ លោកបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តព្រះសីហនុ រួមជាមួយនឹងការអបអរសាទរ ចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៣៥៩ នាក់ នាឱកាសនោះ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តព្រះសីហនុ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តព្រះសីហនុ (PIP) និង វិទ្យាស្ថានពហុបច្ចេកទេស មិត្តភាពកម្ពុជា-ចិន (PCCFPI) ដែលតែងបានផ្តល់ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ, និង បរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិត ខ្វះលទ្ធភាព ។ កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយ សម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីព ការងារល្អប្រសើរ នៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណង ប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប។

ជាចុងក្រោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែក និងផ្តាំផ្ញើនូវទស្សនាទានអំពីផ្នត់គំនិត និងទម្លាប់នៃការកសាងអភិវឌ្ឍខ្លួន ដែលនិស្សិតម្នាក់ៗគួរប្រកាន់ខ្ជាប់ ដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សា និងអាជីពការងារ៕

To Top