ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ពលរដ្ឋ ឲ្យថែរក្សាសុខភាព ពីព្រោះសុខភាពល្អ គឺជាការបង្កើនទ្រព្យ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បើមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាព ពីព្រោះកាលណាមានសុខភាពល្អ គឺជាឱកាសបង្កើនទ្រព្យសម្បត្តិ ។

លោកអភិបាលខេត្ត បានក្រើនរំលឹកដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ខណ:ពេលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ព្យាបាលជំងឺដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជា ៥០០ អង្គ/នាក់ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះការចុះព្យាបាលជំងឺជូនព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺក្រុមគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅតាមប្រភេទជំងឺដែលត្រូវផ្ដល់សេវា ដោយឥតគិតថ្លៃជូនក្នុងពេលនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សុខភាព គឺជាបញ្ហាមួយដែលបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ ពោលប្រសិនបើសុខភាពល្អ គឺជាការបង្កើនទ្រព្យ ប៉ុន្តែប្រសិនបើសុខភាពមិនល្អ វាគឺជាការបំផ្លាញទ្រព្យទៅវិញ ។ ដូច្នេះសូមបងប្អូនថែទាំសុខភាពឱ្យបានល្អ បើមានជំងឺល្មមៗប្រញាប់មក ពិនិត្យពិគ្រោះយោបល់ ឲ្យគ្រូពេទ្យព្យាបាលឱ្យបានទាន់ពេលវេលា ពីព្រោះឱកាសនេះ ប្រសិនបើ គ្រូពេទ្យពិនិត្យទៅឃើញថាមានជំងឺធ្ងន់ធ្ងរ គឺអាចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃផងដែរ ។

លោកអភិបាលខេត្តបានឲ្យដឹងផងដែរថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៨នាក់ ក្នុងនេះផ្នែកពិនិត្យជំងឺទូទៅចំនួន ១៨នាក់ ផ្នែកពិនិត្យនិងដកធ្មេញ ៧ នាក់ក្រោមការដឹក នាំរបស់លោក ទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមដោយក្រុមសម្របសម្រួលការងារចំនួន ៧នាក់ទៀត។ រីឯកម្មវិធីនៃការផ្តល់សេវាគឺមាន ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ, ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ, ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញគឺចាប់ពីដូសទី៣ ។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺគឺចាប់ពីម៉ោង ០៨.៤៥នាទី រហូតដល់ម៉ោង ២រសៀល ៕

To Top