ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជិត៧ ម៉ឺនដុល្លារ សម្រាប់គាំទ្រអ្នកសង្កេតការណ៍​ និងការបោះឆ្នោត នៅ​កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១០ ឧសភា ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយស្ថាប័នទទួលជំនួយ គឺគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)។

នាឱកាសនោះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា «រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិក សម្រាប់គម្រោងដែលនឹងត្រូវបានអនុវត្តដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)។ នៅក្នុងគម្រោងនេះ សៀវភៅណែនាំ ដែលបានបោះពុម្ព អាវយឺត និងសម្ភារៈនានា នឹងត្រូវបានចែកជូនដល់អ្នកសង្កេតការណ៍បោះឆ្នោតរយៈពេលខ្លីចំនួន ១០,២៤១នាក់ ដែលនឹងត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា»។

លោកទូត ពន្យល់អំពីការគាំទ្ររបស់ជប៉ុនសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជប៉ុនតែងតែគាំទ្រ និងរួមដំណើរជាមួយកម្ពុជានៅលើមាគ៌ានៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមុនការសម្រេចបាននូវសន្តិភាពនៅកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម្លេះ។ ជាពិសេស រដ្ឋាភិបាលជប៉ុន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំទ្រការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយបានបន្តការគាំទ្រការបោះឆ្នោតតាមមធ្យោបាយផ្សេងៗ ទាំងដោយផ្ទាល់ និងដោយប្រយោល រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកាន់កម្ពុជាសម្រាប់ការបោះឆ្នោតសកលកន្លងមក។

សូមរំលឹកថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង៦៨០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

To Top