ព័ត៌មានជាតិ

អ្នកថតរូបហ្វីលីពីន ភ្លេចកាមេរ៉ាលើកងបី ស្នើឲ្យរដ្ឋមន្ត្រីព័ត៌មាន ជួយរកម្ចាស់កង់បី

ភ្នំពេញ ៖ ជនជាតិហ្វីលីពីនមួយក្រុមដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន កាលពីរសៀលថ្ងៃ១០ ខែឧសភា ស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយសម្របសម្រួលស្វែងរកម្ចាស់កង់បី ដើម្បីអាចយកកាមេរ៉ាមកវិញ ។

តាមរយៈសាររបស់ជនជាតិហ្វីលីពីន ផ្ញើជូនលោក ខៀវ កាញារីទ្ធ ហើយត្រូវបានលោករដ្ឋមន្ត្រី បង្ហោះលើហ្វេសប៊ុក នាថ្ងៃទី១១ ឧសភានេះ បានរៀបរាប់ថា «ជម្រាបសួរឯកឧត្តម កាលពីថ្ងៃ១០ ខែឧសភា ម៉ោងប្រហែល៣រសៀល មានជនជាតិហ្វីលីពីនមួយក្រុមដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍អាស៊ានហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលដែលគាត់ធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន» ។

ក្នុងកាមេរ៉ានោះមានរូបថត ព្រឹត្តិការណ៍មួយចំនួនធំ មិនទាន់បានកូពីចេញ ហើយកាមេរ៉ានោះមានតម្លៃថ្លៃគួរសមដែរ។ ពួកគាត់បានព្យាយាមស្វែងរក តែរកមិនឃើញ។

ក្នុងសំណេរនោះបញ្ជាក់ថា «ពេលធ្វើដំណើរ គាត់បានថតរូបជាប់ពូតុកៗ ដោយចៃដន្យ ។ សូមឯកឧត្តម និងក្រុមការងារ មេត្តាជួយសម្របសម្រួល ស្វែងរកពូតុកៗនោះផង ដើម្បីអាចយកកាមេរ៉ាជូនគាត់វិញ។ សូមអរគុណឯកឧត្តម! Sroy Lihol» ។

ពាក់ព័ន្ធករណីនេះដែរ លោករដ្ឋមន្ត្រីព័ត៌មាន បញ្ជាក់មុននេះបន្តិចថា «ពេលនេះ ម្ចាស់កង់៣ បានយកកាមេរ៉ា ជូនម្ចាស់ដើមវិញហើយ គាត់ប្រាប់ថា ពេលចុះជាង៣០នាទី ទើបគាត់បានឃើញថា ម្ចាស់បានភ្លេចកាមេរ៉ានៅលើម៉ូតូគាត់» ៕

To Top