ព័ត៌មានជាតិ

ម្រេចកម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅចិន

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសឲ្យដឹងថា ម្រេចរបស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញ ទៅកាន់ប្រទេសចិន ក្រោយបំពេញគ្រប់នីតិវិធី។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃ១២ ឧសភានេះ បានបញ្ជាក់ថា រដ្ឋបាលគយ នៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជា ទៅកាន់ប្រទេសចិន នេះមានន័យថា «ម្រេចកម្ពុជា បានបំពេញគ្រប់នីតិវិធី ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន»។

ស្ថានទូតបន្ដថា ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការ អនុញ្ញាត ពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជាកាលពី ខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។

ស្ថានទូតចិន បន្ថែមថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញ ទៅចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

To Top