ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ឲ្យផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង មុន១ថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានណែនាំឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គឺថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង។

យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ឧសភា នេះបានឲ្យដឹងថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៣។ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្តល់សេវាកម្មម្ហូបអាហារ ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងផងដែរអំឡុង២ថ្ងៃនេះ។

ក្រសួងបន្ថែមថា ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឲ្យអនុវត្តតាមសារាចរណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ៕

To Top