ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ប៉ាន់ប្រមាណថា សំណល់ភក់បង្គន់ នឹងកើនឡើងជិត១៣ដង នៅឆ្នាំ២០៣៥ ទាមទារឲ្យបង្ការជាមុន

ភ្នំពេញ ៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៣៣០.០០០ម៉ែត្រគូប ក្នុងមួយឆ្នាំពោលកើនឡើងជិត១៣ដង ដូច្នេះទាមទារឲ្យយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ខណៈតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ។

នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាព្រឹកថ្ងៃ១៩ ឧសភា ។ ក្នុងនោះក៏មានការចូលរួមពីលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំងលោក ការីម ហ្ស៊ីយ៉ាឌី សមាជិកក្រុមប្រឹក្សាភិបាលស្ថាប័នស្ប៉ាប (SIAAP) និងជាតំណាងទីក្រុងប៉ារីសតំបន់សហជីព finu (SIAAP) ផងដែរ។

លោក ឃួង ស្រេង បានលើកឡើងថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយចំណាយថវិកាអស់ចំនួន ១.១៩៤.៥៥៧ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារជាការចូលរួមពីដៃគូ រួមមាន សហជីព ស៉្យាប (SIAAP) , សមាគម អា.អ៊ី.អឹម.អេហ្វ , ទីភ្នាក់ងារ អេ អ៊ី អេស អ៊ិន (AESN) និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះជាចំណងដៃរួមគ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អា.ស៊ី.អឹម.អេហ្វ ជូនចំពោះប្រជាជនក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់ អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង ។

គួរឲ្យដឹងថា សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ប្រជាពលរដ្ឋ៕

To Top