ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសផ្តល់ គោលនយោបាយគាំពារ ដល់កម្មការិនីមានផ្ទៃពោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់គោលនយោបាយគាំពារ ដល់កម្មការិនីមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ។

នាឱកាសអញ្ជើញពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃ២២ ឧសភា សម្តេចតេជោថ្លែងថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះ ជូនចំពោះកម្មការិនីទាំងអស់ នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ»។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានណែនាំឲ្យការពារ សន្តិភាពឲ្យបាន ដោយមិនបារម្ភរឿងអត់ការងារធ្វើនោះទេ ក្នុងនោះមានតែគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ និងកម្មករកម្មការិនីបានផងដែរ៕

To Top