ព័ត៌មានជាតិ

ជប៉ុន ផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសំខាន់២ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ២២ ឧសភានេះ បានឲ្យដឹងថា នាថ្ងៃទី២៤ ឧសភាខាងមុខ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខានៅទីស្ដីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ជាមួយការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ ។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធដែលនឹង ត្រូវចុះហត្ថលេខានោះរួមមាន៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។

ក្រសួងបញ្ជាក់ថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ ៕

To Top