ព័ត៌មានជាតិ

សម្ដេចតេជោ ៖ យើងមានមន្ទីរ ពេទ្យល្អហើយ អ្វីសំខាន់ទៀតនោះ ត្រូវមានគ្រូពេទ្យល្អ ទើបដោះស្រាយបញ្ហាបាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា នៅកម្ពុជាមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះ គឺត្រូវមានក្រុមគ្រូពេទ្យល្អ ទើបដោះស្រាយបញ្ហាបាន ដោយត្រូវគោរពក្រមសីលធម៌ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា «ឥឡូវនេះ យើងមានមន្ទីរពេទ្យល្អហើយ តែអ្វីត្រូវល្អសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អទើបដោះស្រាយបានបញ្ហា។ មានមន្ទីរពេទ្យល្អ ជាការលំបាកណាស់ទៅហើយ ដើម្បីយើងអាចមានមន្ទីរពេទ្យ មានសម្ភារៈបច្ចេកទេសល្អ»។

សម្ដេចតេជោបន្ដថា ក្រុមគ្រូពេទ្យ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យដែលទាមទារខ្លាំង ការពារអាយុជីវិតមនុស្ស ជាកត្តាសំខាន់។ សម្ដេចថា «យើងធ្វើពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស»។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានវាយតម្លៃខ្ពស់ចំពោះ សមត្ថភាពគ្រូពេទ្យនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលមានសមត្ថភាពក្នុងការប្រើប្រាស់ បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាល។ លើសពីនេះ សម្ដេចក៏បានជំរុញក្រុមគ្រូពេទ្យខិតខំអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈានទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕

To Top