ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ សង្គ្រាមរុស្ស៊ី – អ៊ុយក្រែន រួមជាមួយទណ្ឌកម្មហួសកម្រិត ធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកធ្លាក់ចុះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន រួមជាមួយទណ្ឌកម្មហួសកម្រិតពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីថា បញ្ហាកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ច ហើយអ្វីដែលបំផ្លាញធំជាងគេនោះ ទណ្ឌកម្មកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

សម្ដេចគូសបញ្ជាក់ថា «កូវីដ បានបំផ្លាញសេដ្ឋកិច្ច ប៉ុន្ដែអ្វីបំផ្លាញធំជាងគេ គឺបញ្ហាដែលបានកើតរុស្ស៊ី-អ៊ុយក្រែន ជាមួយនឹងទណ្ឌកម្មហួសកម្រិត ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ទណ្ឌកម្ម វាបានបង្កើតបញ្ហា ។ វាមិនមែនអ្នកស្លាប់ គឺប្រទេសជាប់ទណ្ឌកម្មណា តែអ្នកស្លាប់គឺប្រទេសដាក់ទណ្ឌកម្មចំពោះគេក៏ស្លាប់ និងប៉ះពាល់ដល់ខ្លួនដែរ»

សម្ដេចតេជោ លើកឧទាហរណ៍ថា កូរ៉េខាងជើង ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្ម ដូច្នេះកម្ពុជាត្រូវតែអនុវត្តជាកាតព្វកិច្ច ដើម្បីដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង គឺក្រុមហ៊ុន និងប្រជាពលរដ្ឋកូរ៉េខាងជើង ទាំងអស់ត្រូវចាកចេញពីកម្ពុជា។

សម្ដេចតេជោបន្ដថា បញ្ហាទណ្ឌកម្មនេះ គឺប៉ះពាល់ដល់បណ្ដាប្រទេសនានា ដូច្នេះ ភាគីពាក់ព័ន្ធ ត្រូវពង្រឹង សេដ្ឋកិច្ចកម្ពុជារឹងមាំឡើង តាមរយៈយកវិធានការនានាឲ្យបានត្រឹមត្រូវជាមួយការជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះ ក៏មានផ្នែកកិច្ចគាំពារសង្គមផងដែរ៕

To Top