ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងប៉ារីស មានដាក់ពាក្យ «ត្រូវតែមានបក្សប្រឆាំងទេ»?

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតប ចំពោះជនអគតិមួយចំនួន ដែលលើកឡើងថា រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស មិនបានចែងថា ត្រូវតែមានគណបក្សប្រឆាំង ណាមួយចូលរួមការបោះឆ្នោតឡើយ ដោយគ្រាន់តែចែង អំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សតែប៉ុណ្ណោះ ។

សូមរំលឹកថាថ្មីៗនេះ មានបុគ្គលមួយចំនួនលើកឡើងថា ការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះគឺខុសនឹងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

នាឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុគ្គលមួយចំនួន មើលស្រាលដល់បក្សទាំង១៨ គណបក្ស ក្នុងការចូលរួមបោះឆ្នោតខាងមុខនេះ គឺជាការមើលស្រាលជាតិខ្មែរទាំងមូល» ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ឥឡូវហ្នឹង តាំងនិយាយហើយ ខុសរដ្ឋធម្មនុញ្ញ ខុសកិច្ចព្រមព្រៀងប៉ារីស មើលឥឡូវចង់និយាយបន្តិចមើលអាកន្លែងហ្នឹង បក្សនយោបាយមួយ ឬបក្សនយោបាយពីរ ដែលគេទាត់ចោលមិនព្រមចុះឈ្មោះឲ្យនោះ គេថា ខុសកិច្ចព្រមព្រៀងប៉ារីស ខុសរដ្ឋធម្មនុញ្ញ ឥឡូវសួរបន្តិចទៅចុះ លោកឯងឆ្លើយឲ្យរួច ក្នុងកិច្ចព្រមព្រៀង ប៉ារីស មានដាក់ពាក្យ ត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្នថា ត្រូវតែមានបក្សប្រឆាំង ហើយឈ្មោះថា អាភ្លើងចន្លុះហ្នឹងទេ?» ។

សម្ដេចតេជោ បន្តថា ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ គ្រាន់តែបានសរសេរថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ ដោយមិនបានសរសេរកំណត់ថា ត្រូវតែមានបក្សប្រឆាំងណាមួយ ចូលរួមការបោះឆ្នោតនោះទេ។

សម្ដេចតេជោ គូសបញ្ជាក់ទៀត «គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សតើ គេអត់កំណត់ថា ត្រូវតែមានបក្សប្រឆាំងទេ គេកំណត់ថា ប្រជាធិបតេយ្យ សេរីពហុបក្ស គេនិយាយប៉ុណ្ណឹងតើ ម៉េចអ្នកឯងថា ខុសជាមួយកិច្ចព្រមព្រៀងប៉ារីស ខុសជាមួយរដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញបានចែងទេ?»។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធ ចោលបណ្តឹង របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការ មិនចុះបញ្ជីឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកការសម្រេចនេះ ខណៈគណបក្សប្រមាណជាង១០ផ្សេងទៀត បានគាំទ្រសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប ៕

To Top