ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាជំរុញការវិនិយោគថ្មីៗបន្ថែមទៀត មកកាន់កម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្ដជំរុញការវិនិយោគបន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប្រសិនបើធ្វើរោងចក្រហើយ មិនមានកម្មករនោះទេ គ្រាន់តែជាម្ចាស់ឃ្លាំងតែប៉ុណ្ណោះ។

ដូច្នេះទាំងកម្មករ និងថៅកែរោងចក្រ ត្រូវតែរស់នៅជាមួយគ្នាព្រោះជាទិដ្ឋភាពឆ្នាំងបាយរួម។

សម្ដេច គូសបញ្ជាក់ថា «សង្ឃឹមថា យើងបន្ដជំរុញការវិនិយោគតទៅទៀត តំបន់សេដ្ឋកិច្ចពិសេស នឹងមានកន្លែងវិនិយោគថ្មីៗទៀត ទន្ទឹមនឹងការវិនិយោគចាស់ដែលមានរួចហើយ គឺនៅមានផែនការវិនិយោគ ដែលបច្ចេកវិទ្យាថ្មី អាចមកកាន់ទីតាំងតំបន់សេដ្ឋកិច្ចនៅភ្នំពេញ និងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត ឬទីកន្លែងដទៃមានសមស្រប»។

ចំណុចទាំងនេះ សម្ដេចតេជោ សង្ឃឹមថា បណ្ដាខេត្តផ្សេងៗទៀត នឹងទាក់ទាញអ្នកវិនិយោគ ទៅបណ្ដាខេត្តរបស់ខ្លួន។ សម្ដេច បន្ដថា ខេត្តខ្លះឆ្លាតធ្វើការអភិវឌ្ឍខេត្តរបស់ខ្លួន ដើម្បីទាក់ទាញអ្នកវិនិយោគ ដែលផ្ដល់ឱកាសសម្រាប់ការវិនិយោគ ហើយមានការវិនិយោគកាន់តែច្រើន កម្ពុជា កាន់តែរីកចម្រើន។

សម្តេច នាយករដ្ឋមន្ដ្រី បានរំលឹកពីគ្រាលំបាកនាអតីតកាល ដែលរាជរដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកៀរគរវិនិយោគិនមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ។

សម្តេច បញ្ជាក់ថា «បើគ្មានការវិនិយោគទេ ពេលនេះកម្មក-កម្មការិនី កំពុងធ្វើស្រែ ធ្វើចំការ ឬលក់ដូរតិចតួចនៅផ្ទះឯណោះទេ»៕

To Top