ព័ត៌មានជាតិ

សាកលវិទ្យាល័យ ស្វាយរៀង និងសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន រួមគ្នាបង្កើនការយល់ដឹង ទស្សនវិជ្ជាចិន ស្តីពី«កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ»

ស្វាយរៀង ៖ សាកលវិទ្យាល័យស្វាយរៀង និង សមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិនព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំបាឋកថា ស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដើម្បីបង្កើនការយល់ដឹង ដល់និស្សិត និងអ្នកពាក់ព័ន្ធ ។
ក្រោមការគាំទ្រ យ៉ាងពេញទំហឹងពីស្ថាន ទូតចិន ប្រចាំកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នក ស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែងទៅកាន់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតចំនួន២០០ នាក់ នៅសាកលវិទ្យាល័យស្វាយ រៀងថា បាឋកថា ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ មានគោលបំណងសំខាន់ចំនួនពីរ ៖

សំឡេង៖ «ទីមួយ គឺជាការចែករំលែកពុទ្ធិទស្សនវិជ្ជាចិន ដែលមានអាយុកាល១០ឆ្នាំមកហើយ ដោយបានផ្តួចផ្តើមដោយលោកស៊ីជីងភីងប្រធានរដ្ឋចិន ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ និងទីពីរគឺជាការបង្ហាញនូវសមិទ្ធផលរយៈពេល១០ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការ កសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដែលជាការរួមកម្លាំងគ្នា របស់ពិភពលោក ដែលបានផ្តួចផ្តើមឡើង ដោយលោកស៊ីជីងភីង ដើម្បីបន្តកិច្ចសហប្រតិបត្តិការ បន្តនូវការអភិវឌ្ឍ ក្នុងយន្តការ ពហុភាគីនិយម ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ពិភពលោក។   »
នៅក្នុងឱកាសនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបង្ហាញថា ទស្សនវិជ្ជារបស់ចិនដែលបានផ្តួចផ្តើមកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ» ដែលវាជាយុទ្ធ សាស្ត្រដ៏សំខាន់នៅក្នុងគតិបណ្ឌិតចិនរួម ជាមួយនឹងទស្សនវិស័យ ជាសកលយ៉ាងទូលំទូលាយ ហើយបានរចនាប្លង់មេ សម្រាប់ការអភិវឌ្ឍសន្តិភាព និង កសាងពិភពលោក ដោះស្រាយក្នុងការ ប្រឈមមុខនឹងបញ្ហាជា សកលនានា ។ បច្ចុប្បន្ននេះប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់ និងប្រទេសជាង១៤០នៅក្នុងពិភព លោក ដើម្បី បង្កើនល្បឿន ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាង សេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ ។

លោកបណ្ឌិតបានបន្ថែមថា ក្រោមទម្រនៃទស្សនវិជ្ជាចិនស្តីពី «សហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ» ទើបកម្លាំងរួមគ្នាក្នុងរយៈពេល ១០ឆ្នាំនេះបាននាំពិភពលោកឈាន ទៅបិទ បញ្ចប់គោលនយោបាយគាំពារពាណិជ្ជកម្ម និងគោលនយោបាយឯកោនិយម ដែលមិនផ្តល់ផលប្រយោជន៍ អ្វីទាំងអស់។

លោកទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយ រៀង បានសង្កេតឃើញថា  ប្រទេសចិនបានរួមកម្លាំង ជាមួយបណ្តាប្រទេសលើពិភពលោក ដោយបន្តការរួមចំណែកថ្មី និងធំជាងមុន ដោយជំរុញឱ្យពិភពលោកប្រែទៅជាភូមិសកល ដ៏ធំមួយពោរពេញដោយអនាគត ដ៏រុងរឿង និងបៃតងភាព ព្រមទាំងបានប្រែទៅជាភូមិប្រកបដោយឧទ្យានចម្រុះអរិយធម៌ ដ៏ស្រស់ត្រកាលរួមគ្នា សម្រាប់មនុស្សជាង៨ពាន់លាននាក់ ។ ភូមិសកលដែលបានចេញ ពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ» បានបង្កើនទំនុកចិត្ត បង្កើនកម្លាំងរួមគ្នាឈរលើជំហរ នៅក្នុងសច្ចភាពយ៉ាង ច្បាស់លាស់នៃប្រវត្តិសាស្ត្រ ហើយបន្តប្រកាន់ខ្ជាប់នូវវឌ្ឍនភាព មាគ៌ាទំនើបកម្មសង្គមរបស់មនុស្សជាតិ ឈានឆ្ពោះទៅសម្រេច បាននូវសន្តិភាព និងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ៕

To Top