ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា ទីក្រុងភ្នំពេញ ត្រូវការស្ពានឆ្លងទន្លេ ៣បន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា សម្រាប់រាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន៣កន្លែងបន្ថែមទៀត ខណៈស្ពានចំនួន២ អាចចេញជារូបរាង ក្នុងពេលឆាប់ៗនេះ។

ស្ពានចំនួន២ អាចចេញជារូបរាង ក្នុងពេលឆាប់ៗនេះ រួមមាន ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានសម្រាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចតេជោបានឲ្យដឹងថា ទីក្រុងភ្នំពេញ ត្រូវការស្ពានឆ្លងទន្លេ ៣កន្លែង រួមមាន ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានឆ្លងទន្លេបាសាក់នៅតំបន់ចាក់អង្រែ, និងស្ពានសម្រាប់តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្ដេចតេជោ គូសបញ្ជាក់ថា «ហើយក៏សូមបញ្ជាក់ជូនបន្តិចថា យើងឥឡូវនេះសម្រាប់តំបន់របស់យើង ទីក្រុងភ្នំពេញនេះ ត្រូវការស្ពាន ៣បន្ថែមទៀត ហើយស្ពាន ២អាចចេញជារូបរាង ក្នុងរយៈពេលឆាប់ មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងមួយទៀតគឺស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោមដែលយើងត្រូវចំណាយ»។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី មិនចង់ឲ្យប្រជាពលរដ្ឋឆ្លងស្ពាន ត្រូវបង់ប្រាក់ពេល ដូច្នេះទើបរាជរដ្ឋាភិបាល បានទិញយកស្ពានព្រែកព្នៅមកគ្រប់គ្រង ដោយប្រជាពលរដ្ឋអាចឆ្លងទៅវិញទៅមក មិនបាច់បង់ប្រាក់។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡាងទាំងឡាយ ដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឲ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ។

សម្ដេចតេជោក៏បានបញ្ជាក់ដែរថា សម្រាប់អ្នកវិនិយោគ គឺវិនិយោគតែផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានហើយ តែសម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ គឺរាជរដ្ឋាភិបាល នឹងចំណាយថវិកាសាងសង់ដោយខ្លួនឯង ដើម្បីបញ្ចៀសការលំបាករបស់ប្រជាពលរដ្ឋ៕

To Top