ព័ត៌មានជាតិ

ចិន បន្ទោសអាមេរិក ចំពោះការប្រឈមមុខដាក់គ្នា តាមផ្លូវអាកាស

ប៉េកាំង៖ ប្រទេសចិន បានស្តីបន្ទោស “ការបង្កហេតុ” របស់សហរដ្ឋអាមេរិក សម្រាប់ឧប្បត្តិហេតុ ដែលយន្តហោះចិន បានឆ្លងកាត់នៅពីមុខ យន្តហោះស៊ើបការណ៍អាមេរិក នៅលើសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថ្ងៃពុធនេះថា “ការបញ្ជូននាវា និងយន្តហោះរយៈពេលវែង និងញឹកញាប់របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យ យ៉ាងជិតស្និទ្ធលើប្រទេសចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសចិន” ។

លោកស្រីបានលើកឡើងថា “សកម្មភាព​បង្កហេតុ និង​គ្រោះថ្នាក់​បែបនេះ គឺជា​មូលហេតុ​នៃ​បញ្ហា​សន្តិសុខ​នៅលើ​សមុទ្រ​។ ចិននឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនដោយតាំងចិត្ត”។

យោធាអាមេរិកបានឲ្យដឹងកាលពីថ្ងៃអង្គារថា អ្នកបើកយន្តហោះចម្បាំងចិន បានអនុវត្ត “សមយុទ្ធឈ្លានពានដោយមិនចាំបាច់” នៅជិតយន្តហោះស៊ើបការណ៍អាមេរិក ដែលកំពុងប្រតិបត្តិការលើសមុទ្រចិនខាងត្បូង កាលពីសប្តាហ៍មុន។

វីដេអូដែលចេញផ្សាយដោយយោធាអាមេរិក បង្ហាញពីយន្តហោះចម្បាំងរបស់ចិន ឆ្លងកាត់ពីមុខយន្តហោះអាមេរិក ដែលអាចត្រូវបានគេមើលឃើញថា ញ័រចេញពីភាពចលាចលជាលទ្ធផល។

បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចិន “បានហោះដោយផ្ទាល់នៅពីមុខ និងក្នុងចម្ងាយ ៤០០ ហ្វីត [១២២ ម៉ែត្រ] ពីច្រមុះរបស់យន្ដហោះ RC-135 ដោយបង្ខំឱ្យយន្តហោះអាមេរិកហោះហើរ ឆ្លងកាត់ភាពច្របូកច្របល់របស់វា” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top