ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅខេត្តកណ្ដាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បាននិងកំពុងអញ្ជើញ សួរសុខទុក្ខ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាស ចំនួន១៩ ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញ ជួបជាមួយបងប្អូនកម្មករ និយោជិត នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិត ចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល ។

ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមក ស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត សរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួន ឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀត នៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និង ខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់ ។

សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគ ចំនួន៨លានដុល្លារ សហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរ សម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។​ រោងចក្រសហគ្រាស ចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀក បំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើង បន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២ ។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ ល ។

នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរ នៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់ , ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករ និយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករ និយោជិតសរុប ៥ម៉ឺននាក់ ៕

To Top