ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចាប់ផ្តើមថ្លែងសន្ទរកថា ប្រកាសបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។

កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង១៣នាក់ មកពីទីម័រខាងកើត។

ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុនចំនួន៤៨នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន១៧១នាក់ និងមន្ត្រីបច្ចេកទេស ក្នុងស្រុក ចំនួន៩០០ នាក់៕

To Top