ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា មានមោទកភាព បានរៀបចំ ការប្រកួតកីឡាប៉ារ៉ាហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា កម្ពុជា មានមោទកភាព បានរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនពិការ និងផ្ដល់ឱកាសឲ្យអត្តពលិកជនពិការភាព បញ្ចេញសមត្ថភាពផងដែរ។

ក្នុងពិធីបើកការប្រកួតកីឡាជនមាន ពិការភាពអាស៊ានប៉ារ៉ាហ្គេម នៅរាត្រីថ្ងៃទី៣ ខែមិថុនា សម្ដេចតេជោ បានថ្លែងថា «ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានមោទកភាពដែលបានរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនពិការភាព និងផ្ដល់ឱកាសអត្តពលិកជនពិការបញ្ចេញសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក្នុងពិធីកីឡាជនពិការ នាពេលនេះ»។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យជនរួមជាតិ ចូលរួមលើកកម្ពស់ជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការដែលចូលរួមប្រកួតនៅកម្ពុជានាពេលនេះផងដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។

កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។

ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨ នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០ នាក់៕

To Top