ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំនួន ១៨៣៥នាក់។

តាមការឱ្យដឹងពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅមុនឆ្នាំ២០០២ កម្ពុជាពុំមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ ដោយនៅពេលនេះ ចៅក្រម, ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្សដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ឬបំពាក់បំប៉នជំនាញរយៈពេលខ្លី មុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនានា។
លោករដ្ឋមន្ដ្រី បន្ដថា ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី “ការគាំទ្រនីតិរដ្ឋ”, ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនេះបានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈការបង្កើតឱ្យមានជា “សាលាភូមិន្ទចៅក្រម” ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០២។ បន្ទាប់មក នៅឆ្នាំ២០០៥, ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិវឌ្ឍខ្លួនទៅជា “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ”។

លោក រដ្ឋមន្ដ្រី បន្ថែមថា ទន្ទឹមនឹងការបណ្តុះបណ្តាលដំបូង, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏បានអនុវត្តផងដែរនូវកម្មវិធី បណ្តុះបណ្តាលបន្តដល់ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ព្រមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី, សិក្ខាសាលា និងបទបឋកថានានា សំដៅបន្តពង្រឹង និងលើកកម្ពស់ជាប់ជាប្រចាំ នូវសមត្ថភាពនៃមន្រ្តីវិជ្ជាជីវៈច្បាប់ និងតុលាការ ឱ្យឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងវិស័យច្បាប់៕
