ព័ត៌មានជាតិ

លោក សយ សុភាព បង្ហាញកន្លែងធ្វើការលោក ម៉ៅ សេទុងដែលធ្វើឲ្យចិន រីកចម្រើន

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនជាង១០ថ្ងៃ លោក សយ សុភាព បានទៅទស្សនាទីកន្លែងដែលលោកប្រធានម៉ៅ សេងទុង មេដឹកនាំបដិវត្តន៍ចិន ធ្វើការនិងស្នាក់នៅ កាលពីអំឡុងឆ្នាំ១៩៤៣ដល់១៩៤៥។

ដោយឡែក សម័យកាល ប៉ុល ពត ដើរតាមលោកប្រធានម៉ៅ១៩៧៥-៧៩ ប្រជាជនខ្មែរស្លាប់អស់ ជាង៣លានាក់ ។

ការណ៍នេះហើយដែលលោក សយ សុភាព ចង់ឲ្យប្រជាជនខ្មែរ ជឿជាក់លើទស្សនវិជ្ជានយោបាយរបស់សម្តេច ហ៊ុន សែន ដែលជាមេដឹកនាំប្រទេស ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកចែករំលែកទស្សនវិជ្ជាភូមិសាស្ត្រនយោបាយ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានចែករំលែករូបភាព ក្នុងដំណើរទស្សនកិច្ចទៅកាន់ចិន កន្លងមកដោយបានភ្ជាប់មកជាមួយសំណេរថា “ខ្ញុំសូមបង្ហាញជូនកន្លែងលោកប្រធានម៉ៅ សេងទុង មេដឹកនាំបដិវត្តន៍ចិន ធ្វើការស្នាក់នៅ និងជួបប្រជុំនៅសារមន្ទីរ ក្រុងយានអាន ខេត្តស៊ានស៊ី ប្រទេសចិន”។

លោក សយ សុភាព ក៏បានរៀបរាប់អំពីការជជែកកម្សាន្ត និងផ្តាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ជាមួយជនជាតិចិន ក្នុងដំណើរទស្សនកិច្ចនោះថា “ជនជាតិចិន ជំនាន់បច្ចុប្បន្នបានប្រាប់ខ្ញុំថា សម័យកាលបដិវត្តន៍វប្បធម៌ របស់លោកប្រធានម៉ៅ ប្រជាជនបានស្លាប់រាប់សិបលាននាក់ រស់នៅវេទនាណាស់។

ប៉ុន្តែលោកប្រធានម៉ៅ បានធ្វើឲ្យប្រទេចិនរួបរួម ។ លោក តេង ស៊ាវភីង បានបើកចំហប្រទេស នាំឲ្យប្រជាជន និងប្រទេសចិនរីកចម្រើន។ មកដល់លោក ស៊ី ជិនពីង ប្រទេសចិន ក្លាយជាមហាអំណាចខ្លាំង ។

ផែនការមហាយក្ស ផ្លូវនិងខ្សែក្រវ៉ាត់ដែលជាគំនិតផ្តួចផ្តើមរបស់លោក កំពុងអនុវត្តន៍និងទទួលជោគជ័យបំផុត”។

លោកក៏បានរំលឹកទៅដល់សម័យកាលដ៏ជូរចត់បំផុត សម្រាប់ប្រវត្តិសាស្ត្រប្រជាជនខ្មែរផងដែរថា “ជនជាតិចិនអត់ស្គាល់ពាក្យ «ខ្មែរក្រហមទេតែស្គាល់ឈ្មោះ ប៉ុល ពត»។

ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា ប៉ុល ពត ដើរតាមលោកប្រធានម៉ៅ១៩៧៥-៧៩ ប្រជាជនខ្មែរស្លាប់អស់ជាង៣លានាក់ដែលពេលនោះប្រទេសចិនគាំទ្ររបបប៉ុល ពត។ ខ្ញុំថា ឥឡូវយើងបានឆ្លងផុតរបបមហាវេទនានោះហើយ”។

លោកសយ សុភាព បានចែករំលែកទៀតថា “ចិនសម័យនេះ ត្រូវជួយកម្ពុជា ដោយមេដឹកនាំរបស់ខ្ញុំបច្ចុប្បន្ន មានទំនាក់ទងល្អណាស់ជាមួយមេដឹកនាំចិន។

យើងពួតដៃកសាងប្រទេស ឲ្យស្គាល់តែភាពរុងរឿង។ នយោបាយកម្ពុជារបស់សម្តេច ហ៊ុន សែន ប្រជាជនចិនគាំទ្រណាស់ ហើយចិន និងរួមជាមួយ ប្រទេសជាមិត្តទាំងអស់ កសាងពិភពលោកមួយដ៏រស់រវើក និងមានឋានៈ កិត្យានុភាព ស្គាល់ការអភិវឌ្ឍន៍មិនឈប់ឈរ”។

ក្នុងនាមជាអ្នកសិក្សាស្វែងយល់ ពីភូមិសាស្ត្រនយោបាយ លោក សយ សុភាព ចង់ឲ្យប្រជាជនខ្មែរជឿជាក់ លើទស្សនវិជ្ជានយោបាយរបស់សម្តេច ហ៊ុន សែន ដែលជាមេដឹកនាំប្រទេស។

លោកក៏បានរំលឹកអំពីស្នាមព្រះហស្ថសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ថា “យើងជាប្រជារាស្ត្រខ្មែរ ត្រូវតែដឹងគុណចងចាំ ព្រះរាជដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានសាងព្រះហស្ថមហាមិត្តចិន តាំងពីចិន នៅក្រ ហើយពេលនេះ ចិនក្លាយជាមហាអំណាចលើពិភពលោក និងគោរពដឹងគុណវិញ្ញាណក្ខន្ធព្រលឹងជាតិខ្មែរ ដែលអាពត បានសម្លាប់” ៕

To Top