ព័ត៌មានជាតិ

៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-បារិត នឹងគ្រប់គ្រង ដោយកម្ពុជាវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ព្រះសីហនុ និងពីរាជធានីភ្នំពេញ-បារិត នឹងក្លាយជាផ្លូវល្បឿនលឿនរបស់កម្ពុជា ដែលគ្រប់គ្រងដោយខ្លួនឯងវិញ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន រួមជាមួយ លោកវ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់ ទាំងខេត្តព្រះសីហនុ ទាំងនៅខាងនេះ (ភ្នំពេញ-បារិត) នឹងក្លាយជាផ្លូវល្បឿនលឿនរបស់កម្ពុជា ដែលគ្រប់គ្រងដោយខ្លួនឯង»។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែក គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

សមិទ្ធផលជាតិធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្តនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ កើតឡើងដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត និងជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា៕

To Top