ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម​គ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយ កាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ហើយ។

ជំនួបថ្ងៃស្អែក មានកម្មក​រ​កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ​គ្រា​ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកបានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​​ចំនួន៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។

នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន​២០ មានកម្មករនិយោជិត​សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ​អភិវឌ្ឍ​រោងចក្រ សហ​គ្រាស​ច្រើន៕

To Top