ព័ត៌មានជាតិ

សម្តេចតេជោ នឹងឲ្យ២ម៉ឺនដុល្លារ ដល់កម្មកររូបណា គេកាត់ប្រាក់ខែ២០ដុល្លារ បើមិនចូលរួមកម្មវិធីសម្តេច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីរូបណាដែលត្រូវក្រុមហ៊ុនរោងចក្រកាត់ប្រាក់ខែចំនួន ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ។

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រីបែបនេះ ក្រោយពីមានបុគ្គលម្នាក់ជាអ្នកប្រឆាំងនៅក្រៅប្រទេសដែលសម្តេចហៅថា ក្មេងពាលនោះបានបង្ហោះតាមបណ្ដាញសង្គេមថា កម្មករ-កម្មការិនីរូបណា មិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្ដេចទេ នឹងត្រូវកាត់ប្រាក់ខែ២០ដុល្លារ។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ៨ មិថុនា សម្ដេចតេជោបានផ្ដាំផ្ញើដល់កម្មករ-កម្មការិនី រូបណា ត្រូវបានកាត់ប្រាក់ខែចំនួន២០ដុល្លារ ត្រូវចេញមុខមក ហើយសម្ដេចនឹងចេញសង២ម៉ឺនដុល្លារវិញ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយណានោះ (ក្មេងពាល) ផុសថា មិនបានមក (មកកម្មវិធីសម្ដេច) គេកាត់ប្រាក់ខែ២០ដុល្លារ។ ឥឡូវអ្នកណាគេកាត់ប្រាក់ខែ មិនបានមកនោះ។ មកបាន ក៏មកទៅ មកមិនបានទេ ក៏ហីទៅ ។ ឥឡូវហ្អែងស្បថឲ្យត្រូវគ្រាប់ទៅ ស្បថឲ្យត្រូវរន្ទះបាញ់ទៅ តើកើតចឹងទេ? បញ្ចេញឈ្មោះមក»។

សម្ដេចតេជោ បន្ដថា «អំពាវនាវកម្មករណា គេកាត់ប្រាក់ដែលមិនបានជួបពូ ហើយគេកាត់ប្រាក់ខែចេញមុខមក បើអ្នកឯងបាត់បង់២០ដុល្លារ ខ្ញុំឲ្យ២ម៉ឺនដុល្លារ ។ ហើយចេញមុខមក ដើម្បីខ្ញុំចង់ដឹងថា តើវាមានអំពើនឹងពិតមែនឬអត់?»។

ជុំវិញកាត់ប្រាក់កម្មករ-កម្មការិនី ចំនួន ២០ដុល្លារ នេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី នឹងស៊ើបអង្កេតបញ្ហានេះឲ្យច្បាស់លាស់ តើត្រូវជាមួយក្មេងពាលហ្នឹងនិយាយឬអត់?៕

To Top