ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ភោធសមិទ្ធិផល និងបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៧ លើកទី១ នៅសាលានគរបាល ភូមិភាគ២

កំពង់ចាម ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ផងនោះ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗ និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ស្ឋិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនោះរួមមាន ផ្លូវបេតុងប្រវែង ២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៥៥០ម៉ែត្រ គំនូសនិងផ្លាក សញ្ញចរាចរ ដែលជាអំណោយរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ ១ខ្នង ទូដាក់សម្ភារៈចំនួន ១៦០ទូ គ្រែដេក ២ជាន់ចំនួន ៨០គ្រែ ដែលជាអំណោយរបស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង អគារស្នាក់នៅ ១ខ្នង ទូដាក់សម្ភារៈចំនួន ១៦០ទូ គ្រែដេក២ជាន់ ចំនួន ៨០គ្រែ ដែលជាអំណោយរបស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាមព្រមទាំង សម្ភារៈគាំទ្រ មួយចំនួនទៀត ដែលជាអំណោយ របស់សប្បុរសជននានា ។ បន្ថែមលើសមិទ្ធផល ដែលបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ នៅពេលនេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានសម្រេចជួយឧបត្ថម្ភអគារសិក្សា១ខ្នង និងបំពាក់សម្ភារៈ ក្នុងតម្លៃទឹកប្រាក់ជាង ២៣ម៉ឺនដុល្លារ ដល់សាលានគរបាលជាតិភូមិភាគ២ផងដែរ ។

ស្ថិតក្នុងឱកាសនោះ សម្ដេចក្រឡាហោមបានលើកឡើងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំង នគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សា ឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាលភូមិភាគផ្សេងៗទៀត ក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំ និងច្នៃប្រឌិតខ្ពស់ របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា។ ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការ នៃការបណ្តុះបណ្តាលនគរបាលជាតិ ក្នុងយុគសម័យនៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាស់វៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top