ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរ អាជ្ញាធរ លើការរៀបចំសោភ័ណភាព និងការការពារសន្តិសុខសណ្តាប់ធ្នាប់

ភ្នំពេញ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយថ្នាក់ជាតិ ក្នុងការខិតខំបំពេញការងារ គ្រប់មុខសញ្ញា ធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាពស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អ ។

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញលោកម៉ប់ សារិន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានសហការយ៉ាងល្អ ជាមួយថ្នាក់ជាតិ ក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញា ដែលបានធ្វើឲ្យ រាជធានីភ្នំពេញ មានសោភ័ណភាពស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេម លើកទី៣២ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ដែលកម្ពុជាជាម្ចាស់ផ្ទះ បន្ទាប់ពីបានរង់ចាំ អស់រយៈពេល ៦៤ឆ្នាំ និងបញ្ចប់ទៅដោយជោគជ័យត្រចេះត្រចង់ ទទួលបានចំណាត់ថ្នាក់លេខ៤ បានមេដាយ ២៨២គ្រឿង ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ កីឡាពីមុនមក។

លោក ម៉ប់ សារិន បន្តថា តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធ្វើឲ្យប្រជាជន មហាជនជាតិ អន្តរជាតិ ស្ងើចសរសើរ និងកាន់តែស្គាល់ ពីអត្តសញ្ញាណកម្ពុជាបានច្បាស់ ជាពិសេសបានក្លាយជាកម្លាំង ចលករថ្មីមួយទៀត គាស់ជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើង ថែមមួយកម្រិតទៀត។

បន្ថែមពីនេះ លោកម៉ប់ សារិន ក៏បានថ្លែងកោតសរសើរ ចំពោះសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដែលបានរួមគ្នាធ្វើឲ្យបទល្មើសព្រហ្មទណ្ឌ នៅក្នុងខែឧសភានេះ ថយចុះ៤លើក(៤១លើក/៤៥លើក) ។

ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរងរជធានីភ្នំពេញ ក៏បានលើកឡើងថា ការកោតសរសើរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើ គឺជាការលើកទឹកចិត្ត ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារទាំងនេះ កាន់តែល្អប្រសើរថែមទៀត ៕

To Top