ព័ត៌មានជាតិ

សម្តេចតេជោ ៖ ប្រាក់សោធននិវត្តន៍ នឹងជួយកម្មករថ្ងៃក្រោយ ដូចមន្រ្តីរាជការ

ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខកម្មករជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងជួយកម្មករនៅថ្ងៃក្រោយ (ចូលនិវត្តន៍)កុំឲ្យពិបាក។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៩ មិថុនា សម្តេចតេជោបានលើកឡើងថា “ច្បាប់ស្តីពីរបបសន្តិសុខសោធននិវត្តថ្មីៗនេះនឹងធ្វើឲ្យកម្មករនៅពេលថ្ងៃក្រោយ មានប្រាក់សោធននិវត្តដូចមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែការទទួលបានប្រាក់សោធននិវត្តន៍នេះ មិនមែនបានគ្រាន់តែធ្វើការ១ឆ្នាំនោះទេ ពោលគឺដូចជាមន្ត្រីរាជការអីចឹង បើមិនធ្វើការគ្រប់តាមច្បាប់កំណត់ទេ មិនទទួលបាននោះទេ” ។

សម្តេចតេជោក៏បានស្នើឲ្យកម្មករទាំងអស់រក្សាទុកសៀវភៅការងារ និងឯកសារពាក់ព័ន្ធ ពេលចូលចម្រើការងារ ទោះបីជាមានការផ្លាស់ប្តូរកន្លែង។ សម្តេចបញ្ជាក់ថា «សូមក្មួយៗរក្សាសៀវភៅការងារ ហើយសៀវភៅការងារនេះ ដែលក្នុងករណីថា ឥឡូវក្មួយធ្វើការនៅរោងចក្រនេះបាន៥ឆ្នាំបន្ទាប់ទៅរោងចក្រហ្នឹងត្រូវបិទទ្វារ តើ៥ឆ្នាំនឹងត្រូវបានបោះចោលទេ? ហើយទៅចូលធ្វើការងារថ្មីគេគិតថ្ងៃទី១វិញទេ? អត់ទេគឺរោងចក្រត្រូវបូកបន្តរហូតដល់កំណត់អាយុ ហើយទទួលបានប្រាក់តាមការកំណត់ក្នុងច្បាប់»។

សម្តេចតេជោបន្តថា ធ្វើការបែបនេះ គឺរាជរដ្ឋាភិបាលបានគិតគូពីជីវភាពកម្មករ នៅថ្ងៃក្រោយ កុំឲ្យមានការពិបាក៕

To Top