ព័ត៌មានជាតិ

លោក Putin នឹងពិភាក្សាអំពីដំណោះស្រាយ ជម្លោះនៅអ៊ុយក្រែន ជាមួយមេដឹកនាំអាហ្វ្រិក

បរទេស៖ វិមានក្រមឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានយល់ព្រមក្នុងការធ្វើជាម្ចាស់ ផ្ទះនៃក្រុមគណប្រតិភូមេដឹកនាំអាហ្វ្រិក ជាច្រើនរូបដែលមានបំណងក្នុងការមកបំពេញទស្សនកិច្ចក្នុងទីក្រុងមូស្គូដើម្បីបង្ហាញនូវ គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងជម្លោះនៅអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាការព្រមព្រៀងគ្នាត្រូវបាន ធ្វើឡើងតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ហើយអំឡុងនោះដែរមេដឹកនាំរុស្សីនិងអាហ្វ្រិក ក៏បានពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗទៀតមួយចំនួនផងដែរ។

គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកចំនួន៦នាក់ នឹងត្រូវចូលរួមក្នុងដំណើរទស្សនកិច្ចដើម្បីជួយសម្រប សម្រួលនិងស្វែងរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះមានទាំងការធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូផងនិងធ្វើដំណើរទៅកាន់ទីក្រុងគៀវផងនៅពាក់កណ្តាលខេមិថុនានេះ។

មេដឹកនាំទាំង៦នាក់ដែលមានមេដឹកនាំនៃប្រទេសដែនកោះ Comoros ប្រទេសអេហ្ស៊ីបសេនេហ្គាល់អ៊ូហ្គង់ដាហ្សាំប៊ៀនិងអាហ្វ្រិកខាងត្បូង បានយល់ព្រមគ្នាក្នុងជំនួបមួយកាលពីថ្ងៃអង្គារ ដើម្បីជួយដល់កិច្ចការងាររៀបចំផែនទីបង្ហាញនៃគំនិត ផ្តួចផ្តើមសន្តិភាពដែលគ្រោងនឹងផ្តល់ទៅឲ្យអ៊ុយក្រែននិងរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top