ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តឱ្យរឹបអូសផ្ទះបុគ្គល ដែលធ្វើតាមនយោបាយអាក្រក់ របស់ជនក្បត់ជាតិ ៣ជំនាន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកទឹកចិត្តឲ្យ មានការរឹបអូសផ្ទះសម្បែង បុគ្គលប្រឆាំងណាក៏ដោយ ធ្វើតាមនយោបាយអាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ ដែលមានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមពាក់ព័ន្ធទៅនឹងម្ចាស់បុរី ថា សុំម្ចាស់បុរីទាំងអស់ មានការយោគយល់ចំពោះ ការលំបាករបស់ប្រជាពលរដ្ឋ មានភាពយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។

សម្ដេច នាយករដ្ឋមន្ដ្រី អះអាងថា «ខ្ញុំលើកទឹកចិត្តឲ្យរឹបអូស ប្រសិនបើក្រុមទាំងនោះ ធ្វើតាមការញុះញង់របស់ក្រុមប្រឆាំង។ ព្រោះកាលពីពេលបោះឆ្នោតគេបានប្រកាសថា ឲ្យតែគេឈ្នះ គេឲ្យលុបបំណុលចោលទាំងអស់ អញ្ចឹងទេ បើថាអ្នកនិយាយ ទៅរឹបអូសមុនគេតែម្ដងទៅ ឥឡូវអ្នកដែលទិញផ្ទះតាមបុរី បើដឹងថា អ្នកហ្នឹងជាក្រុមប្រឆាំងមិនចង់ សងតាមការញុះញង់តាមការញុះញង់ របស់មេបក្សប្រឆាំង រឹបអូសមុនគេទៅ កាត់ឱ្យដាច់ឫសគល់»។

សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សមាជិកក្រុមប្រឆាំងណាដែល ចាកចេញពីទណ្ឌិតក្បត់ជាតិ ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ហើយមករួមរស់ជាមួយនឹង គណបក្សប្រជាជនកម្ពុជា សម្ដេច នឹងលើកលែងទោសឱ្យ។ លើកលែងតែជនក្បត់ជាតិ ៣ជំនាន់ម្នាក់គត់តែប៉ុណ្ណោះ ដែលសម្ដេចមិនលើកលែងទោសឲ្យជាដាច់ខាត៕

To Top