ព័ត៌មានជាតិ

ការនាំចេញ-ចូល របស់កម្ពុជាបច្ចុប្បន្ន កើនដល់ ៥២ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ការនាំចេញ-នាំចូល របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានកើនឡើងដល់ ៥២ពាន់លានដុល្លារ។ 

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅរោងចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៥.៦% ទោះបីកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ។

សម្ដេចតេជោ បន្ដថា ការកើនឡើង នៃទំហំពាណិជ្ជកម្មរបស់កម្ពុជា គឺបានបង្ហាញពីអនុវត្តន៍ត្រឹមត្រូវ នៃគោលនយោបាយពាណិជ្ជកម្ម។

សម្ដេច គូសបញ្ជាក់ថា «ទំហំនាំចេញ កាលពីឆ្នាំ១៩៩៧ តែជាង ២០០លានដុល្លារទេ។ ឥឡូវទំហំនាំចេញផ្នែកវិស័យកាត់ដេរ គឺមានរហូតដល់ ១៣ពាន់លានដុល្លារ ហើយសរុបទាំងអស់ នៃទំហំការនាំចេញពីកម្ពុជា ចេញទៅប្រទេសក្រៅ ឆ្នាំកន្លងទៅ យើងនាំចេញទៅដល់ ២៩ពាន់លានដុល្លារ ហើយបើគិតពីការនាំចេញ នាំចូល សរុបយើង ៥២ពាន់លានដុល្លារ»។

សម្ដេចតេជោ បន្ដថា ជាក់ស្ដែង កម្មករ-កម្មការិនី ទទួលផលនេះ មិនមែនបានមកពីក្រុមប្រឆាំងណាមួយនោះទេ គឺបានមកពីការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ពួកប្រឆាំង បានត្រឹមប្រាប់ពួកបរទេសថា «កុំមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងដាក់ទណ្ឌកម្មលើកកម្ពុជា» ដូច្នេះ នៅកម្ពុជា ត្រូវកម្ចាត់ចោលភាពជ្រុលនិយម ដែលមកបំផ្លាញជាតិសាសន៍ខ្លួនឯង។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវកម្មករ កម្មការិនីឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាពអ្វីៗនឹងត្រូវបំផ្លាញ៕

To Top