ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សាក្បែរកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសន្តិសុខជាតិ ខណៈមានហិង្សាកើតឡើង នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ភាគឦសាន្ត ។

ថ្លែងចេញពីវេទិកា ជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា “បញ្ហាសន្តិសុខនៅក្នុង ប្រទេសវៀតណាមនោះទេ តែយើងក៏ត្រូវប្រុងប្រយ័ត្ន” ។

ក្នុងនោះសម្តេចតេជោ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះហេតុការណ៍ណាមួយ ដូចជាការរត់ចូលទឹកដីកម្ពុជា ជាដើមអាចបង្កបញ្ហាដល់កម្ពុជា ដែលទាមទារឲ្យកងកម្លាំងរបស់កម្ពុជា ប្រុងប្រៀបនិងប្រុងប្រយ័ត្នខ្ពស់ ។

សម្តេចតេជោមានប្រសាសន៍បន្តថា “យើងអត់មានប្រហែសបានទេ រឿងសន្តិសុខជាតិ ប្រហែសមិនបានទេ” ។

សម្តេចតេជោ បានលើកឡើងថា ប្រសិនបើ មានការបើកវាយប្រហារគ្នាណាមួយភ្លាមៗ នោះអាចនឹងបង្កើតបានទៅជាបញ្ហាតែម្តង ។

សម្តេចតេជោ ក៏បានណែនាំ ឲ្យកងកម្លាំងរបស់កម្ពុជា រក្សាការពារសន្តិសុខជាតិឲ្យបានល្អ ដោយត្រូវធ្វើទំនាក់ទំនងជាមួយវៀតណាម មិនមែនឲ្យទៅមានជម្លោះជាមួយវៀតណាមនោះទេ ។

សម្តេចមានប្រសាសន៍ទៀតថា “ទៅសហការជាមួយវៀតណាម ដើម្បីត្រួតត្រាសភាពការណ៍ នៅតាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅខាងវៀតណាម ធ្វើសកម្មភាព អាក្រក់អាក្រី រហូតដល់ស្លាប់មនុស្សយ៉ាងច្រើន” ។

យោងតាមការផ្សព្វផ្សាយ របស់សារព័ត៌មានវៀតណាម Vietnam News បានឲ្យដឹងថា បន្ទាប់ពីមានការវាយប្រហារដោយអាវុធ លើទីស្នាក់ការប៉ូលិសនៅ Central Highlands ជិតតំបន់ព្រំដែនកម្ពុជាបានបណ្តាលឲ្យមន្ត្រីប៉ូលីស ៤នាក់ស្លាប់ អាជ្ញាធរវៀតណាមបានធ្វើការឃាត់ខ្លួនមនុស្ស ២៦នាក់ និងរឹបអូសអាវុធជាច្រើន ។ ការវាយប្រហារនេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ មិថុនា ដោយខ្មាន់កាំភ្លើង បានចូលទៅក្នុងអគារនៅស្រុក Cu Kuin នៃខេត្ត Central Highlands នៃខេត្ត Đắk Lắk ហើយបានចាប់ផ្តើមការបាញ់ប្រហារតែម្តង ៕

To Top