ព័ត៌មានជាតិ

ស្អែកនេះ កម្ពុជា-ចិន ចុះហត្ថលេខាលើមូលនិធិ គម្រោងប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងទឹកប្រាក់២លានដុល្លារ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ នាទីស្ដីការក្រសួងដែលមានទឹកប្រាក់២លានដុល្លារ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ១៣ មិថុនា បានឲ្យដឹងថា ក្នុងក្របខណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន ៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ២.០០០.០០០ដុល្លារ។

គម្រោងទាំងនោះ នឹងផ្ដល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន ៖ វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។

ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ៨០នៅកម្ពុជា។

ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួម នៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់ ៕

To Top