ព័ត៌មានជាតិ

សម្តេចតេជោ៖ បើថៅកែបិទរោងចក្រ អ្នកបាត់បង់ផលប្រយោជន៍មុនគេ គឺកម្មករ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់កម្មករ-កម្មការិនី ឲ្យចាត់ទុករោងចក្រជាឆ្នាំងបាយរួម ខណៈបើថៅកែបិទរោងចក្រ អ្នកដែលបាត់បង់ផលប្រយោជន៍មុនគេ គឺកម្មករ-កម្មការិនី ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ នាថ្ងៃ១៤ មិថុនានេះ ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បានគឺ រោងចក្រមួយជាសហគមន៍សុខសាន្ត ហើយរឿងនេះមិនមែនជាលំបាកធ្វើនោះទេ ដោយគ្រាន់តែកម្មករ និងថៅកែចេះរួមសុខទុក្ខជាមួយ ។ សម្ដេចក៏បានបន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗ កុំឲ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ។

សម្ដេចតេជោបញ្ជាក់ថា «ត្រូវរកការស្រុះស្រួលគ្នារវាងម្ចាស់រោងចក្រ និងកម្មករ រវាងអ្នកគ្រប់គ្រងនិងកម្មករ ត្រូវមានការយោគយល់គ្នា ចាត់ទុកថារោងចក្រជាឆ្នាំងបាយរួមរបស់យើង កុំគិតថាជារបស់ថៅកែតែម្នាក់ឯង ព្រោះថាបើថៅកែគាត់បិទរោងចក្រ អ្នកដែលបាត់បងផលប្រយោជន៍មុនគេគឺកម្មករ ឥឡូវធ្លាប់តែទទួលប្រាក់យ៉ាង ២០០ដុល្លារក្នុង១ខែ ហើយបើកពីរដងទៀត» ។

សម្ដេចតេជោបន្ថែមថា ពីមុនធ្លាប់បើកប្រាក់ខែ ក្នុងរយៈពេល២ខែបើកម្ដងក៏មាន ប៉ុន្តែឥឡូវនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបើក២ដង ក្នុងមួយខែ ។ សម្ដេចថា ការបើកប្រាក់ខែ ក្នុងមួយខែពីរដង មិនត្រឹមតែមន្ត្រីរាជការទេ គឺរាលដាលមកដល់កម្មករដែរ ។

ជាមួយគ្នានោះសម្ដេចតេជោ ក៏បានអំពាវនាវឲ្យថៅកែរោងចក្រ និងកម្មករ ត្រូវដោះស្រាយ បញ្ហាទាំងអស់ដោយសន្តិវិធី ។ សម្ដេចថា ត្រូវរក្សានូវអ្វីដែលមាន ហើយខិតខំធ្វើឲ្យបរិស្ថានការងាររបស់ កាន់តែល្អប្រសើរ ។

សម្ដេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែង បន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាក់ទាញអ្នកវិនិយោគមកបន្ថែម មិនថាតែនៅភ្នំពេញទេ គឺតាមបណ្ដាខេត្តទាំងអស់ ៕

To Top