ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកពីកាលផ្ទុះជំងឺសារ និងកូវីដ គឺកម្ពុជាជាអ្នកផ្គត់ផ្គង់អាវពេទ្យ និងម៉ាស់ធំជាងគេ សម្រាប់នាំចេញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា កាលផ្ទុះជំងឺសារ និងជំងឺកូវីដ-១៩ គឺកម្ពុជា ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់របស់គូ្រពេទ្យ និងម៉ាស់ធំជាងគេបំផុត សម្រាប់ការនាំចេញ ទៅក្រៅប្រទេស។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ មិថុនា សម្ដេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០០៣ កម្ពុជា ជាអ្នកផ្គត់ផ្គង់អាវពេទ្យ សម្រាប់នាំចេញទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺសារ។

សម្ដេចគូសបញ្ជាក់ថា «នៅពេលជំងឺសារផ្ទុះឡើងនៅឆ្នាំ២០០៣ កុំភ្លេចថា កម្ពុជា ជាអ្នកផ្គត់ផ្គង់ធំជាងគេទៅសំលៀកបំពាក់សម្រាប់គ្រូពេទ្យការពារជំងឺសារ គឺនាំចេញពីកំពង់ចាម ទៅផ្គតផ្គង់»

លើសពីនេះ សម្ដេចលើកឡើងទៀតថា កាលផ្ទុះជំងឺកូវីដ-១៩ កម្ពុជាក៏ជាអ្នកផ្គត់ផ្គង់ម៉ាស់ធំជាងគេ សម្រាប់នាំចេញទៅក្រៅប្រទេស ផងដែរ។

សម្ដេចគូសបញ្ជាក់ទៀតថា «នៅពេលចាប់ផ្ដើមផ្ទុះកូវីដ ស្រុកខ្មែរ គឺជាប្រទេសនាំចេញម៉ាស់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រៅប្រទេសដែលនាំចេញពីខេត្តកំពង់ចាមផង នាំចេញពីស្វាយរៀងផង និងតាមរោងចក្រខេត្តមួយចំនួនទៀត»

នាឱកាសនោះ សម្ដេចតេជោបានលើកឡើងដែរថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនគ្រាន់តែទាក់ទាញការវិនិយោគនៅរាជធានីភ្នំពេញនោះទេ តែព្រមទាំងការរៀបចំឲ្យមានការវិនិយោគនៅតាមបណ្ដាខេត្តនានារបស់កម្ពុជា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក និងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមខេត្ត៕

To Top