ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ សន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ និងការរៀបចំការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យ

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការរក្សាសុខសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ព្រមទាំងរៀបចំការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យ ជាទៀងទាត់ផងដែរ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្រ្ត ដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេល ខេត្តបាត់ដំបង ធ្វើឲ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេច ស ខេង បានថ្លែងថា «សារៈសំខាន់ នៃការរក្សាសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការ បោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ ជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវ តែបន្តរួមគ្នាធ្វើឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ»។

ផ្អែកលើមូលដ្ឋាន នៃការរក្សាបានសុខសន្តិភាព ដែលជាកត្តាគន្លឹះធំបំផុតនេះ សម្ដេច ស ខេង បានលើកឡើងពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម៕

To Top