ព័ត៌មានជាតិ

សម្តេចតេជោ ៖ រោងចក្រថ្មីៗបើកនៅកំពង់ស្ពឺ ខ្វះកម្លាំងពលកម្ម៥ពាន់នាក់ ខណៈខេត្តមានវត្ថុធាតុដើមក្រោមដីផលិតស៊ីម៉ងត៍

រូបភាពពី៖​ បណ្តាញសង្គមហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខេត្តកំពង់ស្ពឺជាខេត្តក្រីក្រ ប៉ុន្តែ បានវិវត្តក្លាយជាខេត្តពហុបំណង ដោយប្រមូលផ្តុំទៅដោយរោងចក្រសហគ្រាសដែលបច្ចុប្បន្នរោងចក្រថ្មីៗ បាននិងកំពុងបើកដំណើរការ ហើយខ្វះខាតកម្លាំងពលកម្ម ប្រមាណ៥ពាន់នាក់ ក្នុងនោះមានទាំងឧស្សាហកម្មធន់ធ្ងន់មួយ ដែលអាចផលិតស៊ីម៉ងត៍ ប្រមាណ២លានតោនក្នុង១ឆ្នាំ ដោយពុំចាំបាច់ត្រូវវាយកំទេចភ្នំនោះទេ គឺយកវត្ថុធាតុដើមពីក្រោមដីមកវិញ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ នៅកំពង់ស្ពឺ នាថ្ងៃ២៧ មិថុនា សម្តេចតេជោ បានលើកឡើងថា បើតាមរយៈរដ្ឋមន្ត្រីក្រសួងការងារ រោងចក្រសហគ្រាស នឹងបើកដំណើរការថ្មីៗនៅក្នុងខេត្តកំពង់ស្ពឺ ខណៈបច្ចុប្បន្ន នៅខ្វះកម្លាំងពលកម្ម បម្រើដល់រោងចក្រសហគ្រាសទាំងនោះ ប្រមាណជា៥ពាន់នាក់ ។

ក្នុងនោះសម្តេចតេជោ ក៏បានរំលឹកពីអតីតកាលបន្តិចដែរថា ខេត្តកំពង់ស្ពឺ ធ្លាប់ជាខេត្តក្រីក្រ ជាតំបន់បាញ់បោះគ្នា តែអាចប្រែក្លាយជាខេត្តមួយ ពោរពេញដោយសក្កានុពលខ្ពស់ ទាក់ទាញវិនិយោគិនបានជាច្រើន ដែលទាំងអស់នេះត្រូវបានសម្តេចបញ្ជាក់ថា ជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ក្នុងការដឹកនាំប្រទេស ។

សម្តេចមានប្រសាសន៍ថា “ឥឡូវនេះ តាមឯកឧត្តម អ៊ិត សំហេង កន្លែងនេះ កំពុងតែខ្វះកម្មករទៅទៀត ប្រមាណ៥ពាន់នាក់ ដែលរោងចក្រនឹងបើកថ្មីៗនៅខេត្តកំពង់ស្ពឺ” ។

តាមការបញ្ជាក់របស់សម្តេច ខេត្តមួយនេះ មិនត្រឹមតែមានរោងចក្រផ្នែកកាត់ដេរនោះទេ ក៏ប៉ុន្តែខេត្តកំពង់ស្ពឺ មានឧស្សាហកម្មផ្សេងទៀត ក្នុងនោះសម្តេចតេជោបញ្ជាក់ថា “ទៅអនាគត នៅខេត្តកំពង់ស្ពឺ នឹងមានឧស្សាហកម្មធន់ធ្ងន់មួយ ដែលនឹងអាចផលិតស៊ីម៉ងត៍ ក្នុង១ឆ្នាំប្រមាណ២លានតោន ដែលខេត្តកំពង់ស្ពឺ នឹងក្លាយទៅជាខេត្តដែលរួមចំណែកក្នុងការផ្គត់ផ្គង់ សំភារៈសំណង់ សម្រាប់ទូទាំងប្រទេស ព្រោះបានផ្តល់ការអនុញ្ញាត សម្រាប់ការវិនិយោគហើយ” ។

ទាក់ទិននឹងការផលិតស៊ីម៉ងត៍នេះ សម្តេចតេជោ ថែមទាំងបានបញ្ជាក់ថា មិនបានវាយកំទេចភ្នំដើម្បីផលិតនោះទេ គឺយកវត្ថុធាតុដើមដែលមានពីក្រោមដីមកវិញ ។ សម្តេចមានប្រសាសន៍ថា “វាមិនមែនជាការយកភ្នំទេ ប៉ុន្តែវាបែរជាមាន ដុំថ្ម ដែលអាចធ្វើស៊ីម៉ងត៍នៅឯក្រោមដីទៅវិញ” ។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានមានប្រសាសន៍បន្ថែមទៀតថា “យើងនឹងមានឧស្សាហកម្មធន់ធ្ងន់ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលនៅសេសសល់សក្តានុពលច្រើនណាស់ ហើយប្រសិនបើយកនូវអ្វីដែលខ្ញុំធ្លាប់បានថ្លែងកាលពីពេលមុនៗ ដោយចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី២ តាមរយៈផ្លូវជាតិលេខ៤ ឲ្យក្លាយទៅជាតំបន់រោងចក្រ និងតំបន់កសិឧស្សាហកម្ម គេអាចមើលឃើញចក្ខុវិស័យរបស់ ហ៊ុន សែន មិនមែនឆក់កណ្តៀតនោះទេ គឺមានយូរហើយ” ។

សម្តេចក៏បានបន្ថែមដែរថា “ចំណុចនេះ យើងមើលឃើញអំពីសក្កានុពល បើនិយាយដោយឡែកគឺខេត្តកំពង់ស្ពឺ ប៉ុន្តែនិយាយជារួម គឺទិសនិរតីរបស់យើង ដែលមានសក្កានុពលក្នុងការទាក់ទាញបណ្តារោងចក្រសហគ្រាស សម្រាប់ការវិនិយោគ ក្នុងនោះរួមមានខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត កែប និងខេត្តព្រះសីហនុ ដែលក្លាយជាខេត្តពហុបំណង កសិកម្មក៏មាន ឧស្សាហកម្មក៏មាន ទេសចរណ៍ក៏មាន ។ ចឹងទេចំណុចនេះ គឺជាចំណុច ដែលយើងត្រូវបន្តការខិតខំ”៕

To Top