ព័ត៌មានជាតិ

គ្រួសារជនរងគ្រោះ ក្នុងករណីក្រុមឧក្រិដ្ឋជន ចាប់ជំរិតទារប្រាក់ជិត ១០លានដុល្លារ បង្ហាញការបារម្ភជាថ្មី ក្រោយលេចលឺដំណឹង មិនផ្លូវការមួយ

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់មួយរយៈ ក្នុងករណីចាប់ជំរិតទារប្រាក់ជិត១០លានដុល្លារ ដោយក្រុមឧក្រិដ្ឋជន ជាជនជាតិចិន កាលពីខែមេសា​ កន្លងទៅថ្មីៗនេះ ស្រាប់តែលេចលឺដំណឹង មិនផ្លូវការថា បក្ខពួករបស់គេ នៅខាងក្រៅ កំពុងស្វះស្វែង រកអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ ដោយអះអាងថា នឹងត្រូវរួចខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភពព័ត៌មាន ពីគ្រួសារជនរងគ្រោះ បានឱ្យដឹងថា បក្សពួកក្រុមឧក្រិដ្ឋជនចាប់ជំរិត ខាងលើបាន បោះពាក្យសំដីក្នុងន័យឌឺដងថា បក្ខពួករបស់ពួកគេ នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្នុងពេលឆាប់នេះ។

ក្នុងករណីនេះ គ្រួសារជនរងគ្រោះ បានបង្ហាញការព្រួយបារម្ភ និងតក់ស្លុតជាខ្លាំង ក្រោយលឺដំណឹងមិនផ្លូវការ ព្រោះខ្លាចក្រុមឧក្រិដ្ឋជនទាំងនោះ ប្រព្រឹត្តិទង្វើបែបនេះ មកលើពួកគេទៀត។
ប្រវត្តិរឿង៖

សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់ រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យ មានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

បន្ទាប់ពីបានទទួលបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ របស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ចំពោះករណីនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៨នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តំណាងក្រុមគ្រួសារជនរងគ្រោះ បានបង្ហាញនូវការព្រួយបារម្ភ ក្រោយទទួលដំណឹងមិនផ្លូវការ ថា បក្ខពួកក្រុមឧក្រិដ្ឋជន កំពុងអន្តរាគមន៍ ឱ្យមានការដោះលែងឱ្យនៅក្រៅឃុំ។

កម្ពុជា កន្លងទៅ ត្រូវបានអ្នកវិភាគ អង្គការសង្គមស៊ីវិល និងលោកខាងលិច បានវាយប្រហារយ៉ាងចាស់ដៃ ថា កម្ពុជាជាទីកន្លែងសម្រាប់ ពួកក្រុមសង្គមងងឹតជនជាតិចិន ចាប់ជំរិតក៏ដូចជាបង្ករភាពរញ៉េរញ៉ៃ ៕

To Top