ព័ត៌មានជាតិ

៥ខែ សមត្ថកិច្ចរឹបអូសគ្រឿងញៀនជិត១ពាន់គីឡូ និងឃាត់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់

រូបភាព៖ ដើមអម្ពិល|ម៉ៅ ដារ៉ាត

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ សមត្ថកិច្ចរឹបអូសគ្រឿងញៀនគ្រប់ប្រភេទ ជាង ៨៣៨គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៧.៤៨០នាក់។

សម្ដេច ស ខេង លើកឡើងបែបនេះក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដោយឡែក ៥ខែដើមឆ្នាំ២០២៣នេះ យើងបង្រ្កាបបានសរុប ៣.១៤៣ករណី, ឃាត់ខ្លួនជនសង្ស័យសរុប ៧.៤៨០ នាក់/ស្រី ៤៧៨ នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបាន ចំនួន ៨៣៨គីឡូ ៧៧២,៦ក្រាម»។

សូមរំលឹកថា ឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ប្រភេទបានបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនបាន ចំនួន ៦.៣៩០ករណី ស្មើនឹង១០១,៣០% បើប្រៀបធៀបទៅនឹងបទល្មើស ដែលបង្រ្កាបបាន ក្នុងឆ្នាំ២០២១។

រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ១៤តោន ៩១៩គ.ក្រ ៤៦៧,០៧ក្រ ស្មើនឹង ៣១៨,១៤% បើប្រៀបធៀបទៅបរិមាណគ្រឿងញៀន ដែលរឹបអូសបានក្នុង ឆ្នាំ២០២១ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥.០០២ នាក់ (ស្រី៩៥២នាក់) បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

To Top