ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូអង្គភាពសុខុមាលភាពនិងសំណងគ្រោះថា្នក់ការងារ នៃសាធារណរដ្ឋកូរ៉េ 

រូបភាព៖ ប.ស.ស.

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយលោក Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ លោក អ៊ុក សមវិទ្យា តំណាង ប.ស.ស. កម្ពុជា និងលោក Jaekap Lee តំណាងភាគីកូរ៉េបានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទា ជូនដល់សមាជិកប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

នៅក្នុងជំនួបខាងលើ លោក អ៊ុក សមវិទ្យា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទា នៅកម្ពុជា ក្នុងការកសាងផែនការមេ ផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។ លើសពីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាង មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ប.ស.ស.៕

រូបភាព៖ ប.ស.ស.

To Top