ព័ត៌មានជាតិ

សម្ដេច ស ខេង ឱ្យ​យកអត្តសញ្ញាណបណ្ណ ដកហូតបានពីគ្រឹះស្ថានហិរញ្ញវត្ថុ ឬកន្លែងបញ្ចាំ មកជូនពលរដ្ឋវិញ

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដកហូតបានពីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ មកប្រគល់ជូនប្រជាពលរដ្ឋ ជាម្ចាស់ដើមវិញ។

ការលើកឡើងរបស់ សម្ដេច ស ខេង ក្រោយពីក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករ កម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ កក្កដា សម្ដេច ស ខេង បានណែនាំអភិបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ និងបង្កើត ក្រុមការងារមួយ ដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានា លើការផ្តល់ឥណទាន ឬកម្ចី និងដកយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណ ទាំងនោះ និងធ្វើការបញ្ជាក់ លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះ ជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ ។

សម្ដេច គូសបញ្ជាក់ថា «ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុង ប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែល ជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ»។

សម្ដេច បន្ដថា ក្នុងករណីរកឃើញមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណា នៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ ដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុង សិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរ មានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដ ខ្លួន។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ក្នុងករណីរកឃើញ មានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬ កន្លែងទទួលបញ្ចាំណា នៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ ផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន៕

To Top